Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ស្...

រថយន្ត​ដឹក​ស្វាយ​រអិល​ថយក្រោយ​បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​និង​ក្មេងប្រុស​ម្នាក់ទៀត​របួស​

ដោយ​: ស​រិ​ទ្ទ​ / ​បាត់ដំបង​: ក្មេងប្រុស ២​នាក់ ដែលជា​បងប្អូន​បង្កើត​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នៅ​ពីក្រោយ​រថយន្ត​ធុន​ធ្ងន់​ដឹក​ស្វាយ ស្រាប់តែ​រថយន្ត​នោះ ថយក្រោយ​មកវិញ បណ្តាល​ឲ្យ​កិន​ទៅលើ​ម៉ូតូ​និង​មនុស្ស​តែម្ដង​។​

​ជនរងគ្រោះ​ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា​ខាងលើ មាន​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត ទើបតែ​អាយុ​១២​ឆ្នាំ​រងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ត្រង់ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ដឹក​ស្វាយ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ (Hyundai) ស្លាក​លេខ ព្រះសីហនុ 3A 5304 បើកបរ​ជាធម្មតា​។ ខណៈពេល​នោះដែរ ក៏​ឃើញ​ម៉ូតូ​មួយគ្រឿង​មាន​ក្មេងប្រុស ២​នាក់ ជិះ​ពីក្រោយ​។

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ខណៈ​រថយន្ត​បើក​ដល់​ចំណុចកើតហេតុ មិនដឹងថា មានរឿង​អ្វី​ស្រាប់តែ​ឈប់​ដោយ​ភ្លាមៗ​នោះ ក៏បាន​ថយក្រោយ​មកវិញ បណ្ដាល​ឲ្យ​កិន​ម៉ូតូ និង​ក្មេងប្រុស​ម្នាក់​ស្លាប់ រីឯ​ម្នាក់ទៀត​រង របួស​ជា​ទម្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ឯ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ផងដែរ​។

​ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ មុន​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍​ចុះមក​ដល់ ដើម្បី​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​។ ក្នុងនោះដែរ សមត្ថកិច្ច​ក៏បាន​ប្រគល់​មធ្យោបាយ​ទាំង ២​គ្រឿង ទៅ​ឲ្យ​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ចាត់ចែង​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular