ដោយ:សម្បត្តិ/ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូទាក់ដៃចង្កូតជាមួយផាស់អាប់ ដួលបោកនឹងថ្នល់បែលក្បាលស្លាប់ ក្នុងធ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
អ្នកស្លាប់មានឈ្មោះសូ លី ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មានផាស់អាប់ និងម៉ូតូ១គ្រឿង ជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ ប្រហែលជាទាក់ដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូអូសជាច្រើនម៉ែត្រ ហើយអ្នកជិះម៉ូតូដែលមិនមានពាក់មួកសុវត្ថិភាព បានបោកក្បាលទៅនឹងថ្នល់ស្លាប់ក្នុងធ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកផាស់អាប់បានបន្ថែមល្បឿនគេចខ្លួនបាត់។
ភ្លាមនៅសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងបានទាក់ទំនងជំនាញមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី ចំណែកសពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕