ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ៖ យុវជនម្នាក់បានក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្រ យកលុយទិញថ្នាំញៀនជក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន និងបញ្ជូនទៅឲ្យតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ន។
លោកវរសេនីយ៍ត្រី យ៉ាន់ សុ វណ្ណ មេបញ្ជាការក្រុងសិរីសោភ័ណបានឲ្យដឹងនៅថ្ងៃទី១៣ខែធ្នូថា៖ កម្លាំងបានចុះឃាត់ខ្លួនយុវជនក្លែងជាសង្ឃ១អង្គនោះ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានដកហូតបានថ្នាំញៀន ពណ៌លឿងចំនួន២គ្រាប់ ទូរស័ព្ទដៃ១គ្រឿង ប្រាក់ខ្មែរចំនួន៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួន។
លោកបានបន្តថា ការចាប់ខ្លួននោះ បន្ទប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ។ យុវជនក្លែងជាសង្ឃនោះមានឈ្មោះ យ៉ុក សុខទិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយពីបានសួរនាំ និងមានចម្លើយសារភាព មន្ត្រីមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងមន្ត្រីសង្ឃ បានធ្វើពិធីផ្សឹកនៅវត្តសមាធិផល ហើយប្រគល់ជូនកម្លាំងជំនាញបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕