ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: មន្ត្រីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវនុវត្តន៍ខេត្តសហការ នឹងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានដាក់ជញ្ជីងថ្លឹងមានស្តង់ដារ ឬហៅញ្ជីងយុត្តិធម៌ នៅផ្សារសហគមន៍ផលិតផលខ្មែរ ភូមិ១ផលិតផល១ នាជ្រុងសួនមានជ័យ ឬវេទិកាខេត្តនាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២០ថា៖ ផ្សារដែលបើក រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ឬចុងសប្តាហ័ជិតកន្លះឆ្នាំមកមួយនេះ នៅតែមានដំណើរការល្អ ឬមានន័យថា លក់ដាច់។ ពោលគឺអតិថិជន ដែលជាពលរដ្ឋខ្មែរយើងក្នុងមូលដ្ឋាននិងភ្ញៀវពីចម្ងាយខ្លះបានគាំទ្រផលិតផលខ្មែរ ភូមិ១ ផលិតផល១។
លោកបានបន្តថា៖ នៅពេលនេះមន្ទីរជំនាញខាងលើ បានសម្រេចដាក់ជញ្ជីងយុត្តិធម៌ក្នុងផ្សារនេះ ដើម្បីអោយអតិថិជនមានជំនឿទុកចិត្តបន្ថែមទៀត។
ទន្ទឹមនឹងទួលស្គាល់លទ្ធផលជោគជ័យ នៃការបង្កើតផ្សារសហគមន៍ផលិតផលខ្មែរ ដែលផ្តួចផ្តើមនិងបង្កើតឡើងដោយរដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងសហគមន៍នានាដែលផលិតផលិតផលខ្មែរក្នុងខេត្តមួយនេះ លោកដុំ វណណ្ឌី នៅតែអំពាវនាវថា៖ សូមជួយគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា។ សូមគាទ្រផ្សារដែលបើក៣ថ្ងៃចុងសប្តាហ៍ ថ្ងៃសុក្រ សៅរ៍ អាទិត្យ គឺផ្សារសហគមន៍ខេត្តបន្ទាយមានជ័យនេះបន្តទៀត។
ចំណែកស្ថាបនិក និងសមាជិកសហគមន៍ផលិតផលខ្មែរនានាវិញបានអះអងថា៖ អតិថិជនមានជំនឿរចិត្ត ដោយអ្នកលក់មានក្រមសីលធម៌ គុណធម៌ លក់យកចំណេញមិនកោរ មិនបោកប្រាស មិនប្រមាទ ។
ហេតុនេះ សូមបងប្អូនក្នុងខេត្តបន្ទាយមានជ័យ និងក្រៅខេត្តដែលចង់បានបន្លែ ត្រី សាច់ និងផលិតផលក្នុងស្រុកស្រស់ៗល្អៗ មានសុវតិ្តភាព តម្លៃសមរម្យ អាចមករកទីនេះ។
ទោះជាងណាក៏ដោយ ប្រភពព័ត៌មាននិងការចុះពិនិត្យជាក់ស្តែងឃើញចំនួនតូប រានលក់ដូរក្នុងផ្សារនេះ បានថយចុះ។ ហើយផលិតផលក៏ថយចុះដែរ គ្រាន់តែផ្សារនេះមិនដួលរលំប៉ុណ្ណោះ។
ករណីនេះ សហគមន៍និងមន្ត្រីថា មកពីផលិតផលខ្លះមានតាមរដូវ ហើយបញ្ហាធំជាងនេះ គឺផលប៉ះពាល់ពីវិបត្តិសាកល នៃការរីករាលដាលជំងឺកូវីដ១៩៕