ដោយៈវិវឌ្ឍន៍/ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាពជម្ងឹកូវីដ-១៩ នៅកម្ពុជាគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៤ ធ្នូ ២០២០ នេះ គឺមិនមានករណីវិជ្ជមានថ្មីទេ និងមានអ្នកជាសះស្បើយចំនួន០២នាក់។
អ្នកដែលជាសះស្បើយ០២នាក់រួមមាន៖
១.ស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពី ប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២.បុរសជនជាតិខ្មែរ-អាមេរិក អាយុ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពពាក់អង្រែរាជធានីភ្នំពេញ៕
ដោយឡែក ចំពោះ លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” គឺ វត្ថុសំណាកនៅសល់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៥,៩៤៨សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៨១៤សំណាក សរុបមានចំនួនទាំងអស់ ៦,៧៦២សំណាក ដែលនៅក្នុងចំនួននេះ មាន ចំនួន ៣,៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺមាន លទ្ធផល អវិជ្ជមានវីរុសកូដ-១៩ ទាំងអស់។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៣,៣២៤សំណាក ទៀត ដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០២០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៤០នាក់ (ស្រី ១៩នាក់ និងប្រុស ២១នាក់)៕