ប្រែសម្រួល : កញ្ញាដាលីស ៖ ដោយប្រឈមមុខនឹងកម្រិតឯតទគ្គកម្មនៃការឆ្លងវីរុសកូរ៉ូណា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃអាទិត្យទី១៣ធ្នូខណៈខ្លួនចាប់ផ្តើមកិច្ចប្រឹងប្រែងចាក់ថ្នាំបង្ការនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលដែលការផ្ទុះករណីមួយចំនួននៅអាល្លឺម៉ង់បានបង្ខំឱ្យវិលត្រឡប់ទៅរកការបិទប្រទេសនៅផ្នែកខ្លះ។
រថយន្ដដឹកទំនិញ ដែលមានឧបករណ៍ទូទឹកកកពិសេស បានដឹកវ៉ាក់សាំងចេញពីកន្លែងមួយនៅទីក្រុងកាឡាម៉ាហ្ស៊ូ រដ្ឋមីស៊ីហ្គែនដែលជាផ្នែកមួយនៃផែនការឯកជន-សាធារណៈដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNtech ដែលត្រូវបានអនុម័តអោយប្រើថ្មីៗ ទៅកាន់ពលរដ្ឋអាម៉េរិកងាយរងគ្រោះ។
ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន FedEx និង UPS កំពុងដាក់ពង្រាយឡានដឹកទំនិញនិងយន្ដហោះជាច្រើនគ្រឿងដើម្បីដឹកទំនិញដ៏មានតម្លៃរបស់ពួកគេ ដែលពេលខ្លះស្ថិតក្រោមការយាមកាមប្រដាប់អាវុធ ទៅកាន់រដ្ឋទាំង៥០ កន្លែងដែលបុគ្គលិកថែទាំសុខភាពនិងអ្នករស់នៅមណ្ឌលថែទាំមនុស្សចាស់ នឹងស្ថិតនៅជួរមុខគេដើម្បីចាក់វ៉ាក់សាំង។
ខណៈដែលការកៀរគរវ៉ាក់សាំងជាប្រវត្តិសាស្ត្របានចាប់ផ្តើម វ៉ាក់សាំងចំនួន២,៩ លានដូសដំបូងនឹងត្រូវចែកចាយរួចរាល់ត្រឹមថ្ងៃពុធ ហើយពួកមន្ត្រីនិយាយថា ជនជាតិអាម៉េរិកចំនួន ២០លាននាក់អាចទទួលបានរបបវ៉ាក់សាំងពីរដូសនៅដំណាច់ឆ្នាំនេះ និង ១០០ លាននាក់ទៀតនៅខែមីនាឆ្នាំក្រោយ។
អភិបាលរដ្ឋកេនថាក់គីលោក អ៊ែនឌី បេស៊ា បានសរសេរលើ Twitter កាលពីថ្ងៃអាទិត្យថា “យើងជឿថា បុគ្គលដំបូងនឹងត្រូវចាក់វ៉ាក់សាំង” នៅព្រឹកថ្ងៃចន្ទ គឺតិចជាង ៧២ម៉ោងបន្ទាប់ពីវ៉ាក់សាំងនេះបានទទួលការអនុញ្ញាតជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាម៉េរិក (FDA)។
វ៉ាក់សាំងនេះទទួលបានការជំរុញថែមទៀតកាលពីថ្ងៃអាទិត្យនៅពេលមជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហព័ន្ធទទួលយកអនុសាសន៍ណែនាំរបស់ FDA៕
រថយន្តកំពុងដឹកវ៉ាក់សាំងកូវីដ១៩ចែកចាយទូទាំងសហរដ្ឋអាម៉េរិក