Home ព័ត៌មានជាតិ សង្គម អាជីវកម្ម​​ដី...

អាជីវកម្ម​​ដីក្រហម​មួយកន្លែង​​ដំណើរការ​ទាំង​មិនទាន់មាន​អាជ្ញាប័ណ្ណ​

ដោយ​: បូកគោ​/​កំ​ពតៈ ទោះ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ជំនាញ​ក្តី ការដ្ឋាន​ជីក​កាយ​យក​ដីក្រហម​នៅ​ភ្នំ​កូន​សត្វ ក្នុងភូមិ​-​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត បាន និង​កំពុងដំណើរការ​រយៈពេល​យូរ​មកហើយ​រហូត​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទើប​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​។

​លោក​ប៉ាង រ៉​ន មេភូមិ​កូន​សត្វ បាន​ប្រាប់​ឱ្យដឹងថា ការដ្ឋាន​ដីក្រហម​ភ្នំ​កូន​សត្វ​បាន​ដំណើរការ​យូរ​មកហើយ​បន្ទាប់ពី​ម្ចាស់​អាជីវកម្ម​ទិញ​ដី​ពី​កសិករ​មួយចំនួន​។​ប៉ុន្តែ​ក៏មាន​អ្នកភូមិ​ជាច្រើន​គ្រួសារ​មិន​លក់​ដែរ​ព្រោះ​ទុក​បង្កបង្កើនផល​។

​លោក​មេភូមិ​បាន​បញ្ជាក់ថា​ការជីក​កាយ​នោះបាន​ធ្វើឱ្យ​បាក់ស្រុត​ដីស្រែ កសិករ​៦​គ្រួសារ​នៅជាប់​ព្រំប្រទល់ ឯ​អ្នកផ្សេង​អាច​នឹងរង​គ្រោះ​ដូចគ្នា​ដែរ​។ ដោយ​អ្នកភូមិ​សុំ​ជួយ​អន្តរាគមន៍ លោក​ក៏បាន​ជម្រាប​ទៅ​ឃុំ និង​ស្រុក​ទើប​តម្រូវឱ្យ​ចាក់​លុប​សង​វិញ ហើយ​ម្ចាស់​ការដ្ឋាន​សន្យា​ធ្វើ​ជូន​ក្រោយ​ច្រូតកាត់​រួច​។ លោក ប៉ាង រ៉​ន បាន​បន្តថា បញ្ហា​អាជ្ញាប័ណ្ណ​លោក​មិនអាច​ដឹង​បានទេ ប៉ុន្តែ​ការជីក​កាយ​ដី​នោះ បានធ្វើ​ឡើងដល់​លើ​ភ្នំ​ដោយ​គ្រាន់តែ​ទិញ​ក្បាលដី​នៅ​ផ្នែក​ខាងក្រោម​ប៉ុណ្ណោះ​។​

​អ្នកមើល​ការងារ​ការដ្ឋាន លោក មុត តុល បាន​រៀបរាប់ថា ការជីក​កាយ​ដីភ្នំ​កូន​សត្វ​នេះ គឺមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ បើ​មិន​ដូច្នេះ​ជំនាញ​ពាក់ព័ន្ធ​មក​ហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​ទេ​។ ខាង​លោក​បាន​គោរព​តាម​លក្ខខណ្ឌ​ទាំងអស់​មិន​ត្រឹមតែ​ការបង់​សួយ​សារ សូម្បី​ស្រោច​ទឹក​តាម​ដងផ្លូវ​ក៏​ធ្វើជា​ប្រចាំ​ដែរ​។​

​លោក​សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពត​បាន​មានប្រសាសន៍ថា អាជ្ញាប័ណ្ណ​សម្រាប់​ការដ្ឋាន​ដីក្រហម​ភ្នំ​កូន​សត្វ​មិនទាន់​ធ្លាក់​មក​ទេ​។ ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​បានរៀបចំ​រួចរាល់​អស់ហើយ​។​ក្នុងន័យ​បញ្ចៀស​ការ​ខូចប្រយោជន៍​ក្រុមហ៊ុន ទោះ​មិនទាន់​ទទួលបាន​អាជ្ញាប័ណ្ណ​ក្តី ការដ្ឋាន​អាច​ដំណើរការ​ព្រោះ​គោលការណ៍​ក្រសួង​បានសម្រេច​ថា​នឹង​ប្រគល់ជូន​ហើយ​។ លោក​ប្រធាន​មន្ទីរ​បាន​ប្រៀបធៀប​ថា នេះ​ដូច​ករណី​ប័ណ្ណបើកបរ​អ៊ីចឹង ការប្រឡង​បានធ្វើ​រួចហើយ​គឺ​សាមីខ្លួន​ត្រឹមតែ​រង់ចាំ​ទទួល​ប័ណ្ណ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​លិខិត​ស្នើសុំ​របស់​អ្នកស្រី ងួន ព្រ​ហ្មី​ឌី អាយុ​២៧​ឆ្នាំ រស់នៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ស្នើសុំ​អាជ្ញាប័ណ្ណ​អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម​ដើម្បី​ធ្វើ​អាជីវកម្ម​ដីក្រហម​នៅ​ភ្នំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​។ លិខិត​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​នា​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បញ្ជូន​ចូល​រដ្ឋបាល​ខេត្តកំពត ហើយ​ឯកឧត្តម​អភិបាលខេត្ត​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ដើម្បី​ពិនិត្យ និង​សម្រេច​។ តាមរយៈ​សំណើសុំ​នោះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​សាមីខ្លួន​ត្រូវគោរព​លក្ខខណ្ឌ​ចំនួន​៦​ចំណុច បើ​មិន​ដូច្នោះ​ទេ ក្រសួង​នឹងមិន​ចេញ​អាជ្ញាប័ណ្ណ​ជូន​ឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular