ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ប្រភព័ត៌មានបានអោយដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ អនុប្រធានាធិបតី ម៉ៃ ផេនស៍ និងមន្ត្រីកំពូលដទៃទៀតនឹងត្រូវផ្តល់វ៉ាក់សាំងកូវីដ១៩ដែលទើបអនុម័តអោយប្រើថ្មីៗ ចាប់ពីថ្ងៃចន្ទជាផ្នែកនៃផែនការមួយដើម្បីធានានិរន្តរភាពនៃរដ្ឋាភិបាល។
ប្រភពព័ត៌មានបាននិយាយថា បុគ្គលិកសំខាន់ៗនៅសេតវិមាននិងមន្ត្រីមួយចំនួននៅទាំងបីផ្នែកនៃរដ្ឋាភិបាលត្រូវចាក់វ៉ាក់សាំងនៅ១០ថ្ងៃខាងមុខ។វានៅមិនទាន់ច្បាស់ថាតើលោកត្រាំនឹងចាក់វ៉ាក់សាំងភ្លាមដែរឬទេ ដោយសារលោកធ្លាក់ឆ្លងវីរុសកូរ៉ូណានិងបានជាវិញ។
គេក៏មិនដឹងថាតើប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន និងអនុប្រធានរបស់គាត់លោកស្រី កាម៉ាឡា ហារីស ព្រមទាំងសមាជិកនៃក្រុមអន្តរកាលរបស់បៃដិន នឹងត្រូវគេផ្តល់វ៉ាក់សាំងដែរអត់។
រំលឹកថា គណៈកម្មាធិការទីប្រឹក្សាមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក កាលពីថ្ងៃសៅរ៍បានអនុម័តអោយអាម៉េរិកប្រើវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer និង BioNTechជាលើកដំបូង នៅពេលចំនួនស្លាប់ដោយជំងឺកូវីដ១៩នៅក្នុងប្រទេសបានកើនដល់ ២៩៨.០០០នាក់។
ឥឡូវវ៉ាក់សាំងរាប់លានដូសកំពុងត្រូវដឹកចេញពីរោងច្រកនាំទៅកាន់ទីតាំង១៤៥នៅទូទាំងអាម៉េរិកនៅថ្ងៃចន្ទ ដោយចាប់ផ្តើមចាក់អោយបុគ្គលិកពេទ្យនិងមនុស្សចាស់នៅតាមមណ្ឌលមុនគេ៕
ត្រាំ អនុប្រធាននិងក្រុមមន្ត្រីនៅសេតវិមានរបស់លោកនឹងត្រូវផ្តល់វ៉ាក់សាំងមុនគេ ដើម្បីធានានិរន្តរភាពនៃរដ្ឋាភិបាល