Home ព័ត៌មានជាតិ វប្បធម៌ អបអរសាទរ​ខួប​...

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨​នៃ​ការដាក់បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ ក្រុម​ប្រាសាទ​អង្គរ ត្រូវបាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក ក្រោម​ព្រះរាជ​ត​ម្រិៈ​ដ៏​ថ្លៃថ្លា និង​ឈ្លាសវៃ​បំផុត នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​បានធ្វើការ​អំពាវនាវ​ទៅកាន់​អង្គការ​យូណេស្កូ សុំ​ឲ្យ​ជួយ​ស្រោចស្រង់​ការពារ​ក្រុម​ប្រាសាទ​អង្គរ ។​

​ដើម្បី​រំលឹក​ដល់​ថ្ងៃនេះ បណ្តាញ​សង្គម​មួយ​ដែល​គេ​ដឹងថា ស្និទ​នឹង​ព្រះបរមរាជវាំង​បានចេញ​នូវ​សារ​អប់អរ​ខួប​នៃ​ការចុះបញ្ជី​នេះ ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០​។

​ប្រភព​ដដែល​បាន​បន្តថា ឆ្លើយតប​និង​ការអំពាវនាវ នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បន្ទាប់ពី​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង តូ​ក្យូ ចាប់ពី​ថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ​១៩៩៣ ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ ដើម្បី​ដាក់ចេញ​នូវ​យុ​ទ្ធិ​សាស្ត្រ​និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី អង្គរ ត្រូវបាន​បង្កើតឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣ ។​

​ប្រភព​ដដែល​បាន​បន្តថា កូនចៅ​ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាបបង្គំ​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ និង​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​ស្ថាបនា​ជាតិ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ បាន​ត្រួស​ត្រាយផ្លូវ​ដ៏​សំខាន់​ក្នុង​កិច្ចការពារ​លើកតម្កើង​ក​ត្តិ​នាម​ដ៏​ឧត្តុង្គឧត្តម​នៃ​ក្រុម​ប្រាសាទ​អង្គរ ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​ទុកជា​សម្បត្តិ​ដ៏​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ជូន​ដល់​កូនចៅ​ជំនាន់​ក្រោយ​នៃ​ប្រជាជាតិ​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular