ដោយៈ ជា សីហៈ /ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីម្សិលមិញនេះបានចែករំលែកនូវបទពិសោធន៍ដ៏ជោគជ័យរបស់កសិករ កម្ពុជាមួយរូបនៅខេត្តតាកែវ ។
លោករដ្ឋមន្ត្រីបានរៀបរាប់ថា ដោយផ្តើមចេញពីមេមាន់ ១០ក្បាល ប៉ុន្តែដោយសារមាន គោលដៅពិតប្រាកដ បូកឆន្ទ: ការតស៊ូអំណត់ ព្យាយាម និងមានការជួយជ្រោមជ្រែងពី គ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើឲ្យបងស្រី កន ភារម្យ អាយុ ៤៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរផុត ឃុំអង្គរតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បានក្លាយខ្លួនជាប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ ដែលមាន សមាជិកសរុបចំនួន ៧០គ្រួសារ អាចរកប្រាក់ចំណូលបានពី ៨.០០០.០០០-១០.០០០.០០០រៀល/ខែ។
យោងតាមរបាយការណ៍ពិស្តារមួយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថាបងស្រី ភារម្យ បានប្រកាន់យករបរចិញ្ចឹមមាន់តាំងពី ឆ្នាំ២០១៦ ដោយផ្តើមចេញពីមេមាន់ ១០ក្បាលប៉ុណ្ណោះ។ កាលនោះ ដោយសារចំណេះ ជំនាញបច្ចេកទេស និងបទពិសោធន៍របស់បងស្រីនៅមានកម្រិត ធ្វើឲ្យចំណូលដែល ទទួលបានពីមុខរបរនេះមាន កម្រិតទាបត្រឹមតែ ៤០០.០០០រៀល/ខែ ស្ទើរតែមិនអាច ទ្រទ្រង់ជីវភាពបាន ដោយសារក្នុងបន្ទុកគ្រួសារបងស្រីមានកូន ៣នាក់ ដែលកំពុងសិក្សា រៀនសូត្រ និងស្វាមី។ ដោយសារបងស្រីមានគោលដៅច្បាស់លាស់ ឆន្ទ:មោះមុត និងការតស៊ូ អំណត់ព្យាយាម ជាពិសេសមានការជួយ ឧបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅឆ្នាំ២០១៧ មន្ទីរបានជ្រើសរើសបងស្រីជា អ្នកទទួលផលពីគម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ (2KR)”។ ពិតណាស់ វាជាឱកាសដ៏ល្អសម្រាប់បងស្រីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ ព្រមជាមួយគ្នានេះ បងស្រីទទួលបានទ្រុងចិញ្ចឹមមាន់ ១ (៤មx១២ម) និងទូភ្ញាស់កូនមាន់ ១មានចំណុះ ៥២៨គ្រាប់ផងដែរ។ ជាជំហានៗ កំណើនផលិតកម្ម ភ្ញាស់កូនមាន់កាន់រីកលូតលាស់ធំធាត់ជាបណ្តើរៗ ដោយក្នុង ១ខែបងស្រីអាចភ្ញាស់ កូនមាន់បាន ៦០០ក្បាល ហើយអាចទទួលបានចំណូលចំនួន ១.៦០០.០០០រៀល/ខែ។
ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារសេចក្តីត្រូវការកូនមាន់ស្រែរបស់អតិថិជនទាំងទីជិត និងទីឆ្ងាយចេះតែកើនឡើងជាលំដាប់ គាប់ជួនកម្មវិធីស្តីពី “ការផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បានចូលដល់ផ្ទះ បងស្រីនៅឆ្នាំ២០១៩។ កម្មវិធីនេះ បានជួយរៀបចំចងក្រងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ មានសមាជិកសរុប ៧០គ្រួសារ ហើយបង ស្រីត្រូវបានជ្រើសរើសជាប្រធាន។
សមាជិកគ្រប់រូបទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ផ្តល់សម្ភារៈគាំទ្រ ហើយកម្មវិធី ក៏បានជួយទំនាក់ទំនងរកទីផ្សារលក់កូនមាន់ផងដែរ។ ឈានចូលដល់ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយសម្របសម្រួលជាមួយសមាជិក ៦៣នាក់ ដើម្បីចុះកិច្ចសន្យាទិញ-លក់ស៊ុតមាន់ជូនបងស្រី។
បច្ចុប្បន្ន បណ្តុំអាជីវកម្មទាំងមូលអាចផលិតស៊ុតមាន់បានចំនួន ៧០.០០០គ្រាប់/ខែ (ស៊ុត ១គ្រាប់តម្លៃ ១.៣០០រៀល) ហើយអាចភ្ញាស់កូនមាន់បានប្រមាណ ៦០.០០០កូន/ខែ (កូនមាន់ ១ក្បាល/៣៥០០-៤០០០រៀល) ហើយសមាជិកម្នាក់ៗអាចរកចំណូលបាន ១.៣០០.០០០រៀល/ខែ។ ដោយឡែក សម្រាប់គ្រួសារបងស្រីផ្ទាល់ បច្ចុប្បន្នមានទូភ្ញាស់ កូនមាន់ចំនួន ១៦គ្រឿង មានសមត្ថភាពភ្ញាស់បានប្រមាណ ៣០.០០០ គ្រាប់ និងជាមធ្យម អាចទទួលបានកូនមាន់ប្រមាណ ២០.០០០- ២៥.០០០ក្បាល/ខែ ហើយក្នុង ១ខែគ្រួសារ បងស្រីអាចរកចំណូលបានពី ៨.០០០.០០០-១០.០០០.០០០រៀល ពីការលក់កូនមាន់ និងទូរភ្ញាស់។
ដើម្បីឆក់យកឱកាសមាស ក្នុងបរិបទជំងឺឆ្លងកូវីដ-១៩ បងស្រី រួមជាមួយសមាជិកទាំងអស់ នឹងពង្រីកអាជីវកម្មចិញ្ចឹមមាន់សាច់បន្ថែមទៀត ដើម្បីបង្កើនបរិមាណមាន់សាច់ផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក ធានាបាននិរន្តរភាពនៃការផលិតស៊ុតមាន់ និងភ្ញាស់កូនមាន់លក់ ធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូល ចូលរួមលើកកម្ពស់កម្រិតជីវភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម និងឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ៕PC