ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោងប្រមាណ៩ ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះនឹងអញ្ជើញថ្លែងសារដែលមានការផ្សាយផ្ទាល់ពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ (ព្រឹត្តិការណ៌សហគមន៍២៨ វិច្ឆិកា)និងការទិញវ៉ាក់ សាំងជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងដោយឥតគិតថ្លៃ ។ នេះបើយោងតាមការឲ្យដឹងរបស់លោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជា ប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ។
លោក ស្វាយ ស៊ីថា បានគូសបញ្ជាក់ថាការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីឡូមិគ្រឹះបស់សម្តេចនាក្រុងតាខ្មៅខេត្តកណ្តាលដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងការកាច់ផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយទាំងអស់នៅកម្ពុជា។
សូមបញ្ជាក់ថាដោយឡែកក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»សម្រាប់ថ្ងៃទី១៤ ធ្នូនេះក្រសួងសុខាភិបាលប្រកាស ថាមិនមានករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩នេះឡើយ។ក្រសួងសុខាភិបាលដោយបញ្ជាក់ថាសំណាក ៣,៨៣៨នៃអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោលនៅក្នុង «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ត្រូវបានវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីថ្ងៃទី១៣ខែធ្នូដោយលទ្ធបង្ហាញថាអវិជ្ជមានកូវីដ-១៩ទាំងអស់ ។ សម្រាប់សំណាកនៅសល់ជាង ៣,០០០ទៀតមន្ត្រីជំនាញនឹងបន្តវិភាគរកមេរោគកូវីដ-១៩ នាថ្ងៃទី ១៤ ធ្នូនេះ ។
ក្រសួងក៏បានបញ្ជាក់ផងដែរថា៖ ថ្ងៃនេះមានជនជាតិខ្មែរទាំង ២ នាក់ដែលបានជាសះស្បើយពីកូវីដ-១៩នោះមានស្ត្រីវ័យ៣៥ឆ្នាំម្នាក់មានអាសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពត ។ ស្ត្រីរូបនេះបានធ្វើដំណើរមកពីប្រទេសចិនហើយមកដល់កម្ពុជាកាលពីថ្ងៃទី១៨វិច្ឆិកា ឆ្នាំ២០២០ ។ រីឯអ្នកជាសះស្បីយពីកូវីដ-១៩ម្នាក់ទៀតជាបុរសខ្មែរ-អាមេរិកមានវ័យ៤៩ឆ្នាំមានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរូបនេះត្រូវបានក្រសួងសុខាភិបាលរកឃើញមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ធ្នូបន្ទាប់ពីធ្វើដំណើរមកពីសហរដ្ឋអាមេរិកហើយបន្តជើងហោះហើរនៅប្រទេសចិន។
អ្នកជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាលរកឃើញនៅក្នុង«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» មានចំនួន៤០នាក់ ។ ក្នុងនោះប្រុស ២១ នាក់ និង ស្រីមាន ១៩ នាក់ ។ សម្រាប់កម្ពុជាទាំងមូលអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥៩ នាក់ដោយក្នុងនោះមានអ្នកជាសះស្បើយ ៣០៩នាក់ និង ៥០ ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្ត ភាព ខ្មែរ-សូវៀត,នៅមណ្ឌលសុខភាពចាក់អង្រែលើនិងនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនិងហង់សិន៕