សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា(រូបឯកសារ)
ដោយៈ ញ៉ែម សុផល/ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលសញ្ញាបត្រនិងលិខិតប្រកាសគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាច្រើន។នេះមិនមែនបានមកដោយចៃដន្យនោះទេ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានចូលកាន់តំណែងជាអនុប្រធានទី១ កាកបាទក្រហមកម្ពុជា អាណត្តិទី១(១៩៩៤-១៩៩៨)ហើយបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជា នៅអាណត្តិទី២, ៣, ៤, ៥,៦ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)
យោងតាមប្រភពកាកបាទក្រហមកម្ពុជាបានឱ្យដឹងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានមេដឹកនាំពិភពលោក និងប្រជាពលរដ្ឋខ្មែរបានធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូបដែលបានពលីកម្លាំងកាយ-ចិត្ត ក្នុងបុព្វហេតុការងារមនុស្សធម៌ដោយមិនប្រកាន់និន្នាការរើសអើងពូជសាសន៍ឬពណ៌សម្បុរនោះឡើយតាមរយ:បេសកកម្មមនុស្សធម៌សង្គ្រោះមនុស្សជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានគោរមងារ និងគ្រឿង ឥស្សរិយយស ពីស្ថាប័នជាតិ និងពិភពលោកជាបន្តបន្ទាប់ មានដូចជា៖
១. មេដាយកិត្តិយសពីសមាគមជាតិកាកបាទក្រហម នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១
២. គ្រឿងឥស្សរិយយស លើកកម្ពស់ពិភពលោក បេះដូងមានភាពតែមួយ ពីមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ ស្រ៊ីជិនម៉យ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១
៣. គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុ ណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០១
៤. គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៥
៥. គោរមងារ ឥស្សរិយយសថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាសុី-ប៉ាសុីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦
៦. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ប្រគល់ជូនដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោ ត្តម សីហមុនី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧
៧. គ្រឿងឥស្សរិយយស ជាតូបកា ប្រគល់ជូនដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៧
៨. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សធម៌ ពីសាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៨។
៩. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យស្ត្រីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៩
១០. សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ពីសាកលវិទ្យាល័យជីអ៊ុនជូ នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៩
១១. ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំតំបន់អាសុី-ប៉ាសុីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ ពីគណៈប្រតិភូ ជាន់ខ្ពស់ អង្គការសហប្រជាជាតិទទួលបន្ទុកការងារអេដស៍ និងជំងឺអេដស៍ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩
១២. សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក អប់រំសិក្សា ពីសាកលវិទ្យាល័យសុីឡា នៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១០
១៣. ទទួលបានគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១
១៤. ទទួលបានគោរពងារជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
១៥. ទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)
ជីវប្រវត្តិសង្ខេបៈ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ មានលោកឪពុកឈ្មោះ លីន គ្រី និងអ្នកម្តាយ ប៊ុន ស៊ាងលី។
ក្នុងយុវភាពរបស់យុវនារី ប៊ុន រ៉ានី ត្រូវបានញាំញីដោយទុក្ខលំបាកក្នុងគ្រាប្រទេសជួបកលិយុគនៃសង្គ្រាម យុវនារី ប៊ុន រ៉ានី បានចូលប្រឡូកចលនាតស៊ូនៅអាយុ១៦ឆ្នាំ ចលនាតស៊ូនេះ បានចាប់ផ្តើមនៅក្រោយពេលក្រុមលោកសេនាប្រមុខ លន់ ណល់ ធ្វើរដ្ឋប្រហារទម្លាក់តំណែងសម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។
ចលនាតស៊ូ ដែលធ្វើឡើងតាមព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាវីរក្សត្រខ្មែរបានធ្វើឱ្យជីវិតយុវនារី ប៊ុន រ៉ានី លះបង់អស់សេចក្តីសុខ និងសេចក្តីត្រូវការក្នុងយុវភាព ហើយត្រូវបានផ្លាស់ទីនៅក្នុងព្រៃស្ទើរគ្រប់ទីកន្លែង ជាមួយកម្លាំងចលនាតស៊ូ ដោយរំពឹងអាចដណ្តើម និងរំដោះប្រទេសកម្ពុជាថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ។ តែចលនាតស៊ូដណ្តើមប្រទេសពីក្រុមលោកសេនាប្រមុខ លន់ នល់ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ មិនបានបំពេញសេចក្តីបំណង និងការរំពឹងទុកអ្នកតស៊ូនោះឡើយ។
ការប្រឹងប្រែងពលីកម្លាំងកាយ-ចិត្តក្នុងចលនាតស៊ូរំដោះប្រទេសជាតិរបស់កុលធីតាខ្មែរប៊ុន រ៉ានី រួមជាមួយអ្នកស្នេហាជាតិខ្មែររាប់ម៉ឺននាក់ទៀត ត្រូវធ្លាក់ក្នុងក្តីអស់សង្ឃឹម ត្បិតសមិទ្ធផល នៃការតស៊ូ ត្រូវបានក្តោបក្តាប់ដោយបុគ្គលមួយក្រុម ដូចជា ប៉ុល ពត, នួន ជា, ខៀវ សំផន, អៀង សារី អៀង។ល។
របបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យយុវនារី ប៊ុន រ៉ានី និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ត្រូវរងគ្រោះសាជាថ្មីក្នុងស្បៃអន្ធិកាដ៏ខ្មៅងងឹត និងមហាសែនលំបាក ត្បិតជីវិតរបស់យុវនារី ប៊ុន រ៉ានី ជួបការលំបាក តែក៏មានពេលវេលាមួយនាំឱ្យយុវនារីរូបនេះបានជួបជាមួយបុរសកំពូលដួងចិត្ត គឺយុវជន ហ៊ុន សែន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរម្លឹកនាសម័យអតីតកាល ដែលសម្តេចបានស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ។
សម្តេចបានរម្លឹកបន្ថែមថា កាលពីជាង៤០ឆ្នាំមុន ជាថ្ងៃដែលសម្តេចរៀបការម្តង១៣គូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។
ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ ស្លាប់កូនទី១និងបែកគ្នាក្នុងគ្រា ពេលមានកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅថាពូៗ រយៈពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគួរកើតមានសោះឡើយ។រឿងរ៉ាវដ៏ឈឺចាប់នេះ មិនត្រឹមតែគ្រួសារសម្តេចប៉ុណ្ណោះទេវាបានកើតឡើងសម្រាប់ប្រជាជនទូទាំងប្រទេស។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុសែន ផ្តាំផ្ញើសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ថែរក្សាសុខសន្តិភាពដែលកំពុងមាននាបច្ចុប្បន្នកុំឱ្យកើតមានសង្គ្រាមឡើងវិញដូចសម័យអតីកាល ដ៏ឈឺចាប់នោះម្តងទៀតឱ្យសោះ៕សរន
សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)
សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)
សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)
សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)សកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានាពេលកន្លងទៅ(រូបឯកសារ)