Home ព័ត៌មានជាតិ សេដ្ឋកិច្ច សូម​ប្រុងប្រយ...

សូម​ប្រុងប្រយ័ត្ន​! សកម្មភាព​ឆបោក​ប្រាក់​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ សកម្មភាព​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ជាច្រើន​ករណី បន្ត​កើតមានឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អំពើ​ឆបោក​ប្រាក់​ប្រើប្រាស់​មធ្យោបាយ​បច្ចេកវិទ្យា (Money Scam) ជាការ​លួងលោម ឆបោក​ជនរងគ្រោះ​ថា​នឹង​ឲ្យ​របស់​មានតម្លៃ ឬ​ប្រាក់​ដល់​ជនរងគ្រោះ និង​តម្រូវ​ជនរងគ្រោះ​បង់ប្រាក់​មួយចំនួន​ដើម្បី​សម្រួល​នីតិវិធី សេវា​ដឹកជញ្ជូន ឬ​សេវា​ពន្ធ ប៉ុន្តែ​ពុំមាន​របស់ ឬ​ប្រាក់​បានប្រគល់​ជូន​ជនរងគ្រោះ​ដូច​ការសន្យា​នោះឡើយ​។​

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បន្តថា ដើម្បី​សម្រេច​គម្រោង​ឆបោក ដំបូង​ឧក្រិដ្ឋជន​បាន​ស្វែងរក​លេខ​ទូរស័ព្ទ ឬ​អុ​ី​ម៉ែ​ល របស់​ជនរងគ្រោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម គេហទំព័រ​ទិញ​លក់ ឬ​គេហទំព័រ​ស្វែងរក​ការងារ​ជាដើម​។ បន្ទាប់មក​ឧក្រិដ្ឋជន​ធ្វើការ​ទាក់ទង​ទៅកាន់​ជនរងគ្រោះ ដោយ​ប្រើប្រាស់​បច្ចេកទេស​ឆបោក​មួយចំនួន​ដូចខាងក្រោម (​មាន​ច្រើនជាង​នេះ​)៖

១- ប្រាប់​ជនរងគ្រោះ​ថា​ទទួលបាន​កេរ្តិ៍មរតក​ពី​សេដ្ឋី​ក្រៅប្រទេស នូវ​ទឹកប្រាក់​រាប់លាន​ដុល្លារ​អាមេរិក និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ ឬ​ផ្ទេរប្រាក់​។​

២- ប្រាប់​ជនរងគ្រោះ​ថា​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សេងៗ ដែលមាន​ទំហំ​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ​អាមេរិក និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ ឬ​ផ្ទេរប្រាក់​។​

៣- ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​មាន​ឧបករណ៍​និង​ក្រដាស់​បោះពុម្ព​ប្រាក់ និង​តម្រូវ​ប្រាក់​កក់​ដើម្បី​បញ្ជូន​ឧបករណ៍​ទាំងនោះ​ទៅ​ឲ្យ​ជនរងគ្រោះ​។​

៤- ប្រាប់​ជនរងគ្រោះ​ថា​ឈ្នះ​រង្វាន់​ទទួលបាន​សិទ្ធិ​រស់នៅ​ក្រៅប្រទេស និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ​។​

៥- ប្រាប់​ជនរងគ្រោះ​ថា​ទទួលបាន​ការងារ​ក្រៅប្រទេស និង​តម្រូវ​ប្រាក់​កក់​ដើម្បី​រត់ការ​ឯកសារ​។​

៦- ដាក់លក់ ឬ​ដេញថ្លៃ​ទំនិញ​អន​ឡាញ​ដែលមាន​តម្លៃថោក​ជាង​តម្លៃ​ទីផ្សារ និង​តម្រូវ​ជនរងគ្រោះ​ទូទាត់​ប្រាក់​មុន​បញ្ជូន​ទំនិញ​។​

៧- ប្រាប់​ជនរងគ្រោះ​ថា​ពួកគេ​បាន​គ្រប់គ្រង​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​បាន​ថត​សកម្មភាព​អាក្រាតកាយ​ជនរងគ្រោះ និង​តម្រូវ​ជនរងគ្រោះ​បង់ប្រាក់​ជា​ថ្នូរ​នឹង​ការ​លុប​រូបភាព ឬ​វីដេអូ​ទាំងនោះ​។​

៨- ប្រាប់​ជនរងគ្រោះ​ថា​នឹង​ទទួលបាន​ប្រាក់ចំនេញ​ទ្វេដង (Money-Flipping) ប្រសិន​ជនរងគ្រោះ​បណ្តាក់ទុន​ជាមួយ​ខ្លួន​។​

៩- បន្លំ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​បុរស ឬ​នារី​ស្អាតៗ ប្រេ​ី​ប្រាស់​មនោសញ្ចេតនា​ឆបោក​ប្រាក់ ពី​ជនរងគ្រោះ (Romantic Scam)​។

​រាល់​ឧបាយកល​ដូច​រៀបរាប់​ខាងលើ បន្ទាប់ពី​ទទួលបាន​ប្រាក់​ពី​ជនរងគ្រោះ ឧក្រិដ្ឋជន​ពុំបាន​ធ្វើតាម​ការសន្យា ផ្ទុយទៅវិញ​ពួកគេ​ព្យាយាម​ប្រើប្រាស់​ហេតុផល​ផ្សេងៗ ដើម្បី​ទទួលបាន​ប្រាក់​ជា​បន្ត​បន្ទាប់ពី​ជនរងគ្រោះ​។

​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​បងប្អូន មេត្តា​ពិចារណា កុំ​ឲ្យ​ក្លាយខ្លួនជា​ជនរងគ្រោះ និង​ធ្វើ​សេចក្តី​រាយ​កាណ៍ ឬ​ដាក់​ពាក្យបណ្តឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅពេល​ជួប​បទល្មើស​ខាងលើ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular