ដោយ: សុខុម / ស្ទឹងត្រែង: នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង នឹងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅតុលាការ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលវរការពារព្រំដែនលេខ៧០១ ឃាត់ខ្លួនពេលចុះល្បាតតាមផ្លូវទឹកនៅតំបន់ព្រំដែន។ លុះពេលឃើញបុរសម្នាក់គួរឲ្យសង្ស័យក៏ចូលទៅសួរ ប៉ុន្តែជនសង្ស័យរូបនោះ បានបោះថ្នាំញៀនទៅក្នុងទឹកហើយរត់គេចខ្លួនតែត្រូវសមត្ថកិច្ចចាប់បាន។
ប្រតិបត្តិការនោះ ធ្វើឡើងនៅចំណុចភូមិសាស្ត្រភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញថ្នាំញៀនចំនួន ៣កញ្ចប់ធំ រួមទាំងទូកមួយគ្រឿងត្រូវបានបញ្ជូនជនសង្ស័យមកកាន់ជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី។
លោកចែម ផានិតប្រធានការរិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យដែលកម្លាំងនគរបាលបង្ក្រាបបានឈ្មោះ រុំ គុណ ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅធំកោះល្ងឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ។
លោកបានបញ្ជាក់ថា សមត្ថកិច្ចបានឆែកឆេរឃើញវត្ថុតាងគ្រឿងញៀន ៣កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន WY គ្រាប់មានទម្ងន់៦០,៩៥ក្រាម។
ជនសង្ស័យរួមនិងគ្រឿងញៀននគរបាលជំនាញកំពុងសាកសួរ ក្រុងនឹងបញ្ជូនសំណុំរឿងទៅតុលាការ នៅរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០២០៕