Home ព័ត៌មានអន្តរជាតិ ចក្រភព​អង់គ្ល...

ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​យល់ព្រម​បន្តពេល​ចរចា​អំពី​ពាណិជ្ជកម្ម Brexit ឱ្យ​ហួស​ពេល​កំណត់​ថ្ងៃអាទិត្យ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍​និង​ព្រុច​សែល​បាន​យល់ព្រម “​បន្លាយពេល​” ប៉ុន្មាន​ថ្ងៃ​ទៀត​ដើម្បី​ព្យាយាម​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្មុគស្មាញ​មួយ​ត្បិត​ខកខាន​ពេល​​វេលា​កំណត់​ចុងក្រោយ​របស់​ពួកគេ​ដើម្បី​បញ្ចៀស​ការចាកចេញ​របស់ច​ក្រ​អង់គ្លេស (Brexit) ដោយ​គ្មាន​កិច្ចព្រមព្រៀង​ពី​គន្លង​របស់​សហភាព​អឺរ៉ុប​នៅ​ចុង​ខែ​នេះ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន និង​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន​ឌឺ​លេន បាន​ផ្តល់​ពេលវេលា​កំណត់​ដល់​អ្នក​ចរចា​ត្រឹម​ថ្ងៃអាទិត្យ ទី​១៣ ធ្នូ ដើម្បី​រក​វិធី​ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​លើ​ការរៀបចំ​នានា ដែល​នឹង​ធានា​ឱ្យ​ចក្រភព​អង់គ្លេស​ទទួលបាន​ពន្ធ​សូន្យ​និង​កូតា​សូន្យ​ចូល​ទៅ​កាន់​ទីផ្សារ​តែ​មួយ​របស់​សហភាព​អឺរ៉ុប​។​

​អ្នក​ទាំង​ពីរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា “​ការ​ដែល​គ្មាន​កិច្ចព្រមព្រៀង​” ឥឡូវ​នេះ​ជា​លទ្ធផល​ទំនង​ជាង​គេ​បំផុត ប៉ុន្តែ​កាលពី​ថ្ងៃអាទិត្យ ពួកគេ​បាន​តម្រូវឱ្យ​អ្នកចរចា​បន្ត​ធ្វើ​ការទៀ​ត​។​

​លោក​ច​ន​សុន​និង​លោកស្រី​វ៉ុន​ឌឺ​លេនបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​ទោះបីជា​មាន​ការ​អស់កម្លាំង​បន្ទាប់ពី​ការចរចា​ជិត​មួយឆ្នាំ ទោះបីជា​ពេល​វេលា​កំណត់​ត្រូវ​បាន​ខកខាន​ម្តង​ហើយ​ម្តង​​ទៀត​ក៏​ដោយ ក៏​យើង​គិតថា​វា​ជា​ការទទួលខុសត្រូវ​នៅ​ចំណុច​នេះ​ដើម្បី​បន្លាយពេល​ចរចា​”​។​

​ចក្រភព​អង់គ្លេស​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​កាលពី​ខែ​មករា ប៉ុន្តែ​នៅតែ​ជា​សមាជិក​ក្រៅផ្លូវការ​រហូតដល់​ថ្ងៃទី ៣១ ខែ​ធ្នូ ជា​ចុងបញ្ចប់​នៃ​រយៈពេល​អន្តរកាល ដែល​ក្នុង​អំឡុងពេល​នោះ​អង់គ្លេស​​នៅតែ​ស្ថិត​ក្នុង​ទីផ្សារ​និង​សហភាព​ពន្ធគយ​តែ​មួយ​របស់​សហភាព​អឺរ៉ុប​។​

Brexit ដែល​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អាច​ធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​អឺរ៉ុប បញ្ជូន​រលក​រញ្ជួយ​ទៅ​ទីផ្សារ​ហិរញ្ញវត្ថុ​នានា នាំឱ្យ​មាន​ភាព​តានតឹង​នៅ​ព្រំដែន និង​បង្ក​ភាពវឹកវរ​ទូទាំង​បណ្តាញ​​ផ្គត់ផ្គង់​ដ៏​ផុយស្រួយ​នៅ​ទូ​ទាំង​អឺរ៉ុប​និង​ទ្វីប​ដទៃទៀត​។​

​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជេឡា មឺ​គែល បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​បែរ​ឡាំង​ថា “​រាល់​ឱកាស​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​គឺ​ត្រូវបាន​ស្វាគមន៍​យ៉ាងខ្លាំង​”​។​

​ភាគី​ទាំងពីរ​បាន​ព្យាយាម​ឯកភាពគ្នា​លើ​សិទ្ធិ​នេសាទ​ក្នុង​ដែនទឹក​អង់គ្លេស ហើយ​សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​អង់គ្លេស​ប្រឈមមុខ​នឹង​ផលវិបាក​ប្រសិនបើ​នៅ​ពេល​អនាគត​អង់គ្លេស​ប្រាស់ចាក​ពី​វិធាន​​របស់​ប្លុក​អឺរ៉ុប​សម្រាប់​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ ជា​អ្វី​ដែល​គេ​ហៅថា ទីលាន​ប្រកួត​ស្មើភាព​គ្នា​នោះ​៕

​លោក​ច​ន​សុន​និង​លោកស្រី​វ៉ុន​ឌឺ​លេន​យល់ព្រ​មបន្ត​ចរចា​ពាណិជ្ជកម្ម​ហួស​ពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular