ដោយៈ ច្រាយ ចំណាន/ភ្នំពេញៈ ក្រុមហ៊ុនMaserati ដែលជាអ្នកផលិតរថយន្តប្រណីតៗ និងមូលដ្ឋាននៅប្រទេសអ៊ីតាលី ប្រកាសឈានជើងចូលមកទីផ្សារកម្ពុជា ហើយមានមហិច្ឆតាប្រែក្លាយជាអ្នកផ្គត់ផ្គង់រថយន្តប្រណីត លំដាប់ពិភពលោកនៅទីផ្សារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលចុងសប្តាហ៍កន្លងមកនេះ។
ក្រុមហ៊ុនMaserati ត្រូវបានតំណាងនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនHGB Group ដែលជាប្រតិបត្តិករផ្គត់ផ្គង់រថយន្តដ៏ល្បីល្បាញមួយ ហើយមានវត្តមាននៅលើទីផ្សារចាប់តាំងពីឆ្នាំ២០១០។ ក្រុមហ៊ុន HGB Group នឹងចែកចាយរថយន្តប្រណីតរបស់អ៊ីតាលី ដែលត្រូវបានបានរចនាឡើង និងផលិតថ្មីប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនយ៉ាងពេញលេញ។
ការតាំងបង្ហាញរថយន្ត Maserati របស់ក្រុមហ៊ុន HGB Group ត្រូវបានធ្វើឡើងនៅទីតាំងដែលមានភាពឆើតឆាយ និងលេចធ្លោជាងគេនៅរាជធានីភ្នំពេញ សម្រាប់ស្វាគមន៍អតិថិជនរបស់ Maserati នៅកម្ពុជា។
លោក Bernard Loire ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Maserati បាននិយាយថា “ការជ្រើសរើសដៃគូត្រឹមត្រូវ និងមានផលិតផលល្អៗ គឺជាគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅទូទាំងតំបន់”។ លោកបន្តថា “ក្រុមហ៊ុនMaserati កំពុងឈានចូលក្នុងដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយនឹងការច្នៃប្រឌិតនិងគម្រោងថ្មីៗ ហើយឥឡូវនេះ យើងផ្តោតអារម្មណ៍យ៉ាងខ្លាំងលើអនាគត រួមទាំងម៉ូដែល Hybrid និងអគ្គិសនី។ សម្រាប់ហេតុផលទាំងនេះ វាជាពេលវេលាល្អ ដើម្បីចូលរួមជាមួយយើង ក្នុងការចាប់ផ្តើមនៃសម័យ Maserati ថ្មី”។
លោក Luca Delfino ប្រធានក្រុមហ៊ុន Maserati ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ក្រុមហ៊ុនMaserati បាននឹងកំពុងបង្កើតវត្តមានរបស់ខ្លួន យ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ”។
លោកបានថ្លែងទៀតថា “យើងមានដៃគូរួចហើយនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី”។ លោកបន្តថា “ប្រទេសកម្ពុជា គឺជាទីផ្សារដែលមានសក្តានុពលមួយ សម្រាប់កំណើន Maseratiនៅអាស៊ីអាគ្នេយ៍ ហើយយើងរីករាយ ដែលមានក្រុមហ៊ុន HGB Group ជាដៃគូ ដើម្បីពង្រឹងតួនាទីរបស់យើងជាម៉ាករថយន្តប្រណីត”៕ ‘