ប្រែសម្រួល : កញ្ញាដាលីស ៖ ប៉ូលិសឥណ្ឌាបានចាប់ខ្លួនកម្មករជាង១០០ នាក់ដែលបានវាយបំផ្លាញរោងចក្រ ជុំវិញការទាមទារប្រាក់ឈ្នួលនៅឯរោងចក្រផលិត iPhoneដែលគ្រប់គ្រងដោយកោះតៃវ៉ាន់នៅក្បែរទីក្រុងបាងហ្គាល័រ។
វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញថា កាមេរ៉ាសុវត្ថិភាពនិងកញ្ចក់បែកខ្ទេចខ្ទី អំពូលភ្លើងត្រូវខូច និងរថយន្តមួយគ្រឿងត្រូវដុតឆេះនៅឯរោងចក្រផលិតរបស់ក្រុមហ៊ុន Wistron Infocomm ។
ក្រុមកម្មករអះអាងថាពួកគេមិនបានទទួលប្រាក់ឈ្នួលពេញរយៈពេល ៤ ខែហើយត្រូវបង្ខំឱ្យធ្វើការប្តូរវេនបន្ថែមទៀត។
ក្រុមហ៊ុន Wistron Infocomm និយាយថា ខ្លួនបានសន្យាអនុវត្តតាមច្បាប់ការងារក្នុងស្រុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ក្រុមហ៊ុនមិនបាននិយាយសំដៅដោយផ្ទាល់ទៅលើពាក្យតវ៉ារបស់កម្មករទេ ប៉ុន្តែនិយាយថា”ឧបទ្ទវហេតុនេះគឺបណ្តាលមកពីមនុស្សមិនស្គាល់អត្តសញ្ញាណពីខាងក្រៅ ដែលបានរំលោភចូលនិងបំផ្លាញទីតាំងរោងចក្ររបស់ខ្លួនដោយចេតនាមិនច្បាស់លាស់”។
ក្រុមហ៊ុននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បាងហ្គាឡ័រ ដែលជារដ្ឋធានីនៃរដ្ឋកាណាតាកាស្ថិតនៅភាគខាងត្បូងប្រទេស គឺជាមជ្ឈមណ្ឌលបច្ចេកវិជ្ជារបស់ឥណ្ឌា។
សារព័ត៌មាន Times of India បានរាយការណ៍ថា អំពើហិង្សាបានផ្ទុះឡើងនៅពេលដែលកម្មករប្រមាណ ២.០០០ នាក់ពីវេនយប់ បានចាកចេញពីអគារនៅសង្កាត់ណាសាពូរ៉ា កាលពីយប់ថ្ងៃសៅរ៍ទី១២ធ្នូ។
មនុស្សរាប់រយនាក់វាយបំផ្លាញរោងចក្រ ដោយកម្ទេចការិយាល័យរបស់នាយកប្រតិបត្តិជាន់ខ្ពស់ បំផ្លាញគ្រឿងសង្ហារិម អង្គភាពដំឡើង និង វាយកញ្ចក់និងទ្វារដោយដំបង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រោងចក្រនេះជួលកម្មករ ១៥.០០០ នាក់ ដែលភាគច្រើនជួលតាមរយៈក្រុមហ៊ុនស្វែងរកការងារធ្វើ៕
កម្មករជាង១០០នាក់ត្រូវចាប់ខ្លួនពីបទវាយបំផ្លាញរោងចក្រផលិត iPhone របស់ក្រុមហ៊ុន Wistron Infocomm