ដោយ: ពៅនិមល/ភ្នំពេញ: គិតត្រឹមរយះពេល០៩ខែ ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជាបានទទួលគម្រោងវិនិយោគសរុបចំនួន១២១គម្រោង ដែលគិតជាទំហំទឹកប្រាក់សរុបប្រមាណ៥,៨៦៦លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើវិស័យទេសចរមានទំហំទឹកប្រាក់ខ្ពស់ជាងគេ។
ប្រភពពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងរយះពេលខាងលើនេះ CDC សម្រេចផ្តល់ជូនវិញ្ញាបនបត្រក្រុមហ៊ុនចុះបញ្ជី ដែលជាគម្រោងថ្មីនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ចំនួន១២១គម្រោង បន្ទាប់ពីក្រុមហ៊ុនទាំងនេះ បើកដំណើរការ នឹងស្រូបយកកំលាំងពលកម្មសរុបប្រមាណជិត១០ម៉ឺននាក់ ចូលបម្រើការងារ។
ទន្ទឹមនឹងនេះ ការវិនិយោគនៅតាមផ្នែក ដូចជាសម្រាប់វិស័យកសិកម្មមានទំហំទឹកប្រាក់ជាង៩៤លានដុល្លារ, វិស័យថាមពលប្រមាណ៣២២លានដុល្លារ, វិស័យឧស្សាហកម្មជាង៨០៩លានដុល្លារ, វិស័យសេវាកម្ម៧៩០លានដុល្លារ និងការវិនិយោគលើវិស័យទេសចរ មានទំហំទឹកប្រាក់សរុបប្រមាណជាង៣,៨០០លានដុល្លារ។
ទាក់ទិននឹងទុនវិនិយោគខាងលើទាំងនេះ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានប្រមាណជាង២,៥០០ លានដុល្លារ និង ទុនវិនិយោគពីបរទេសសរុបមានទំហំទឹកប្រាក់ប្រមណ៣,៣០០លានដុល្លារអាម៉េរិក៕