ដោយៈ តាកែវ / តាកែវៈ មុខទំនិញកសិផលជាប្រភេទផ្លែឈើ ៥ មុខ និងប្រភេទបន្លែ ២ មុខ ដែលដាក់តាំងលក់ នៅលើទីផ្សារ នៅក្នុងខេត្តតាកែវ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប ខេត្តតាកែវ យកមកពិនិត្យ នៅមន្ទីរពិសោធន៍ខ្នាតតូច ដើម្បីរកសាធាតុគីមី នាព្រឹកទី១៤ ខែធ្នូ ឆ្នាំ២០២០ ។
ជាមួយនឹងការពិនិត្យនេះ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងក្លែងបន្លំ (ក.ប.ប) សាខាខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ ស្ថិតនៅទីផ្សារកសិផល សុខ អាន ទន្លាប់ ស្ថិតនៅ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
លោក លី សេរីសម្បត្តិ បានឱ្យដឹងថាៈ ទំនិញជាកសិផល ដែលមន្ត្រីជំនាញ បានយកមកពិនិត្យ ចំនួន ៧ គំរូ មានដូចជាៈ ១-ផ្លែប៉ោម . ២-ផ្លែទំពាំងបាយជូរ,
៣-ផ្លែក្រូចឃ្វិច, ៤-ផ្លែក្រូចសំរាប់ធ្វើតែជ្រក់, ៥-ផ្លែមៀន, ៦-បន្លែស្ពៃចង្កឹះ និង៧-បន្លែផ្កាខាត់ណា។
លោកប្រធាន សាខា ក.ប.ប ខេត្តតាកែវ បានបញ្ជាក់ថាៈ ការយកទំនិញកសិផលនេះ គឺយកមកធ្វើតេស្ត នៅមន្ទីរពិសោធន៍ខ្នាតតូច របស់សាខា ក.ប.ប ខេត្តតាកែវ ដើម្បីពិនិត្យ និងធានាថា គ្មានសំណល់ថ្នាំកសិកម្ម នៅលើទំនិញបន្លែ ផ្លែឈើ ចំនួន ៧ គំរូនេះ និងបានយកទឹកសូលុយស្សុង (GT) ធ្វើតេស្តទៅលើ បន្លែ និងសូលុយស្សុង (PY) ធ្វើតេស្ត ទៅលើផ្លែឈើ។
លោក លី សេរីសម្បត្តិ បានបន្ថែមថាៈ ជាលទ្ធផល ក្រោយការធ្វើតេស្ត ដោយយកចិត្តទុកដាក់ រយៈពេលជាង ២ ម៉ោង ក្នុងការប្រើប្រាស់ ទឹកសូលុយស្យុង (GT, PY) ធ្វើតេស្តទៅលើបន្លែ ផ្លែឈើ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ សង្កេតឃើញថា ពុំមានវត្តមានសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើ ទាំង ៧ គំរូ ដែលមន្ត្រីយើង បានយកមកធ្វើតេស្តនោះទេ៕/V