ដោយៈ បាយ័ន/សៀមរាបៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញចុះពិនិត្យមើលការដ្ឋាន ស្ថាបនាផ្លូវ ចំនួន៣៨ ខ្សែ ក្នុងក្រុងសៀមរាប បន្ទាប់ពីបានជួបប្រជុំ ពិភាក្សា លើការអនុវត្ត គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ និងស្ដារ កែលម្អ ដងស្ទឹងសៀមរាប រួចមក។
ដោយមានការចូលរួម ពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងអង្គភាព អនុវត្តការសាងសង់ផ្លូវ ទាំង ៣៨ ខ្សែ កិច្ចប្រជុំនោះ បានឱ្យដឹងថា រចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមានៈ ប្រភេទទី១. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវ ទេសចរ ធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុង កៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ ឡើងវិញ។ ប្រភេទទី២. ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរ ធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃ ដែក កម្រាស់ ២០ សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧ សង់ទីម៉ែត្រ ពីលើ ។ ប្រភេទទី៣. ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ និងប្រភេទទី៤. ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវ ដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាល បេតុងកៅស៊ូ AC ឡើងវិញ ។ ចំណែកកំណាត់ផ្លូវ ដែលមានតួផ្លូវ មិនល្អ នឹងត្រូវសាងសង់ថ្មីដោយចាក់ ក្រាលបេតុង សរសៃដែក កម្រាស់ ២៥ សង់ទីម៉ែត្រ៕PC