ប្រែសម្រួលៈវាសនា/សេអ៊ូល៖ កូរ៉េខាងត្បូងបានបញ្ជាបិទសាលារៀនចាប់ពីថ្ងៃអង្គារទី១៥ធ្នូនៅក្នុងរដ្ឋធានីសេអ៊ូលនិងតំបន់ជុំវិញ នៅពេលខ្លួនប្រឈមដោះស្រាយនឹងការផ្ទុះជំងឺកូវីដ១៩នៅរលកទី៣ដ៏អាក្រក់បំផុត ខណៈពេលដែលការឆ្លងឥឡូវឡើងហួសការឆ្លងខ្ពស់បំផុតកាលពីខែកុម្ភៈ។
សាលារៀននៅតំបន់រដ្ឋធានី នឹងដូរទៅរៀនតាមអនឡាញរហូតដល់ចុងខែ នៅក្នុងការអនុវត្តគម្លាតសង្គមចុងក្រោយថ្មីទៀត បន្ទាប់ពីវិធានការកន្លងមកបានបរាជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។
ការបិទសាលារៀនជាវិធានការនៅដំណាក់កាលទី៣នៃច្បាប់គម្លាតសង្គមនៅកូរ៉េខាងត្បូង
នាយករដ្ឋមន្ត្រី ជុង ស្យេ-គ្យុន បាននិយាយថាវិធានការដូច្នេះត្រូវការពិនិត្យសើរើដោយប្រុងប្រយ័ត្ន នៅពេលរដ្ឋាភិបាលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងអោយចាត់វិធានការទប់ស្កាត់វីរុសខណៈខ្លួនក៏ថ្លឹងថ្លែងអំពីផលប៉ះពាល់សេដ្ឋកិច្ច។
លោកជុងបានប្រាប់កិច្ចប្រជុំរបស់មន្ត្រីសុខាភិបាលមួយថា «រដ្ឋាភិបាលនឹងមិនស្ទាក់ស្ទើរធ្វើការសំរេចចិត្តដើម្បីធ្វើបច្ចុប្បន្នភាព ចំពោះដំណាក់កាលទី៣ បើគិតថាវាចាំបាច់»។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ កាលពីថ្ងៃចន្ទបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន៧១៨នាក់ ដោយធ្លាក់ចុះកាលពីមួយថ្ងៃមុនបន្តិច គឺ១.០៣០នាក់កាលពីថ្ងៃអាទិត្យ។ក្នុងចំនួននេះ ៦៨២នាក់ឆ្លងនៅក្នុងស្រុក។
កូរ៉េខាងត្បូងនៅថ្ងៃនេះក៏បានសំរេចបង្កើនទីតាំងធ្វើតេស្តិ៍រកកូវីដ១៩នៅតំបន់សេអ៊ូលដោយសារតែ ករណីឆ្លងថ្មី៦៥ភាគរយកើតនៅតំបន់នេះ។ចាប់ពីថ្ងៃចន្ទទៅ អាជ្ញាធរសុខាភិបាលត្រូវបើកទីតាំងធ្វើតេស្តិ៍១៥០ទៀតនៅតំបន់សេអ៊ូលទៅតាមដំណាក់កាល ដោយបន្ថែមលើទីតាំង២១០ដែលមានស្រាប់៕