Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចូលរួម​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤

ដោយៈ ជា សីហៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ ថ្ងៃនេះ​បាន​អញ្ជើញ​ចូលរួម​ជា​សហប្រធាន​កិត្តិយស​ក្នុង​ពិធី​បើក​សិក្ខាសាលា​និង​ពិព័រណ៍​ផ្នែក កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ក្នុង​ពិធី​បើក​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤​នេះ លោក រដ្ឋមន្ត្រី​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​បានធ្វើ​ឲ្យ ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ធារាសាស្ត្រ​កសិកម្ម និង​ជាពិសេស​វិនិយោគិន​ចិន​មក វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមហ៊ុន Huehe International Businees Consultancy ដែល​បានរៀបចំ​សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​នេះ​ឡើង ដើម្បី​ចូល រួម​លើកស្ទួយ​ការធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ផ្តល់ឱកាស​ដល់​ស្ថាប័នរដ្ឋ​ដៃគូ អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អ្នក​ផលិត​ជួបគ្នា ផ្លាស់ប្តូរ​បទពិសោធន៍ និង​ស្វែងរក​ភាពជា ដៃគូ​រវាង​គ្នា​។

​លោក រដ្ឋមន្ត្រី​បន្ថែមថា ព្រឹត្តិការណ៍​នេះ​ពិតជា​ស្របតាម​គោលនយោបាយ និង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ជម្រុញ​កសិកម្ម​ទំនើប ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព តាម​អភិក្រម រដ្ឋ​-​ដៃគូ​អភិវឌ្ឍន៍​-​ឯកជន​-​សហគមន៍​កសិកម្ម​។​

​សូម​ជម្រាបជូន​ថា សិក្ខាសាលា និង​ពិព័រណ៍​ផ្នែក​កសិកម្ម​អន្តរជាតិ អាស៊ី​-​អឺរ៉ុប លើក​ទី​៤ ដែល​ប្រព្រឹត្ត​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​១៦ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​តំណាង​ប្រទេស​ប្រមាណ​ជា​២០​ប្រទេស ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក អង្គការ​អន្តរជាតិ ស្ថាប័ន​សិក្សា និង​វិស័យឯកជន​ក្នុង​គោល បំណង​ផ្សព្វផ្សាយ​អំពី​គ្រឿង​ម៉ាស៊ីន បច្ចេកវិទ្យា​ថ្មី​ទំនើប និង​ការវិនិយោគផ្នែក​កសិកម្ម ៕​PC/srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular