Home ព័ត៌មានអន្តរជាតិ ប៉ូលិស​បាញ់​ស...

ប៉ូលិស​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​កម្មវិធី​ប្រគុំ​តន្ត្រី​បុណ្យ​ណូអែល​នៅ​វិហារ​ល្បី​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប៉ូលិស​បាន​និយាយថា​បុរស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស​នៅ​លើ​ជណ្តើរ​នៃ​វិហារ​ល្បី​មួយ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​ធ្នូ​បន្ទាប់ពី​គាត់​បានចាប់ផ្តើម​បាញ់​​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ចំនួន ២ ដើម​នៅ​ចុងបញ្ចប់​នៃ​ការប្រគុំ​តន្ត្រី​បុណ្យ​ណូអែល​។​

​ការបាញ់រះ​បានចាប់ផ្តើម​នៅមុន​ម៉ោង​៤ រសៀល​នៅ​វិហារ Saint John the Divine ដែល​ជា​ព្រះវិហារ​ធំ​ជាង​គេ​សម្រាប់​គ្រិស្ត​សាសនិក​នៅ​ទីក្រុង​ញូវយ៉ក​។​

​ការប្រគំ​តន្ត្រី​រយៈពេល ៤៥ នាទី​ដែល​ធ្វើឡើង​នៅ​កាំជណ្តើរ​ព្រះវិហារ ទើបតែ​បញ្ចប់​ភ្លាម ហ្វូង​មនុស្ស​រាប់រយ​នាក់​នាំគ្នា​រត់​ចែក​ជើង​គ្នា​ភ្លែត នៅពេល​ខ្មាន់កាំភ្លើង​ម្នាក់​ចាប់ផ្តើម​បាញ់រះ​ជាហេតុ​នាំ​ឱ្យ​មនុស្ស​​ម្នា​ភ័យ​ស្លន់ស្លោ​រត់ទៅរក​វិថី​អាំ​ស្ទើ​ដាំ ស្រែកហៅ​គេ​ជួយ និង​ក្រាប​លើ​ចិញ្ចើម​ផ្លូវ​។​

​ស្នងការ​ក្រុង​ញូវយ៉ក​លោក ដេ​ម៉ូត ស៊ា និយាយថា ប៉ូលិស​សម្ងាត់​ម្នាក់ ពល​បាល​ម្នាក់ និង​មន្ត្រីប៉ូលិស​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ បាន​បាញ់​ចំនួន ១៥​គ្រាប់​សម្លាប់​បុរស​ខ្មាន់កាំភ្លើង​​នោះ​នៅនឹងកន្លែង​។​

​លោក​និយាយថា “​ពិតជា​អរគុណ​ព្រះ​ណាស់​នៅថ្ងៃនេះ ដែល​គ្មាន​នរណាម្នាក់​ក្រៅពី​ខ្មាន់កាំភ្លើង​ត្រូវ​បាញ់​ចំ​”​។​

​ខ្មាន់កាំភ្លើង​ស្លៀកពាក់​ឈុត​ខ្មៅ​លាក់​មុខ​ក្រោម​មួក​និង​ម៉ាស់​។ បុរស​នេះ​កាន់​កាំភ្លើង​ពណ៌​ទឹកប្រាក់​នៅ​ដៃស្តាំ​និង​កាំភ្លើង​ខ្មៅ​នៅ​ដៃ​ឆ្វេង ហើយ​ដើរចេញ​ពី​ក្រោយ​សសរ នៅ​ជណ្តើ​រលើ រួច​ក៏​បាញ់រះ​តែ​ម្តង​។ ឈ្មោះ​បុរស​នេះ​មិន​ត្រូវបាន​ប្រកាស​ទេ​។​

​លោក​ស៊ា​និយាយថា បុរស​នេះ​មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ករណី និង​ស្ពាយ​កាបូប​ផ្ទុក​កាំភ្លើងខ្លី ខ្សែ​ពួរ ខ្សែភ្លើង ស្កុត កាំបិត​ខ្លី និង​គម្ពីរ​៕

​ខ្មាន់កាំភ្លើង​ត្រូវ​បាញ់​ស្លាប់​នៅ​នឹង​កន្លែង​នៅ​វិហារ Saint John the Divine កាលពី​ថ្ងៃអាទិត្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular