​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ពួក​មេដឹកនាំ​របស់​កសិករ​ឥណ្ឌា​ដែល​កំពុង​ធ្វើ​បាតុកម្ម បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​បង្អត់អាហារ​រយៈពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ​នេះ (១៤ ធ្នូ​) ប្រឆាំងនឹង​ការកែទម្រង់​កសិកម្ម ដែល​ពួកគេ​និយាយថា គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ ដោយ​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ណារិន​ត្រា ម៉ូ​ឌី ឱ្យ​លុប​ច្បាប់​នេះ​ចេញ​។​

​កសិករ​បាន​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជិត ៣ សប្តាហ៍​ប្រឆាំងនឹង​ការ​បន្ធូរ​ច្បាប់​គ្រប់គ្រង​លើ​វិស័យ​កសិកម្ម ដែល​នឹង​តម្រូវ​ឱ្យ​កសិក​រលក់​ផលិតផល​ឱ្យ​ទៅ​ឈ្មួញ​មកពីផ្សារ​លក់ដុំ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋា​​ភិ​បាល កន្លែង​ដែល​អ្នក​ដាំ​ដុះ​ត្រូវបាន​ធានា​នូវ​តម្លៃ​អប្បបរមា​ទាប​បំផុត​។​

​លោក ហ្គួ​របាក់ ស៊ី​ង មេដឹកនាំ​បាតុកម្ម​មក​ពី​រដ្ឋ​ពុន​ចាប​នៅ​ភាគ​ខាងជើង​ប្រទេស បាន​និយាយថា “​យើង​ចង់ឱ្យ​ពួកគេ​លុបចោល​ច្បាប់​កែ​ថ្មី​នេះ​”​ខណៈ​ដែល​លោក​និង​មេដឹកនាំ​ដទៃ​ទៀត​បាន​ចាប់ផ្តើម​​ធ្វើ​កូដកម្ម​បង្អត់អាហារ​នៅឯ​កន្លែង​តវ៉ា​ដ៏​ធំ​មួយ​។​

​អ្នក​ដាំ​ដុះ​ខ្នាត​តូច​បារម្ភ​ថា ការកែទម្រង់​កសិកម្ម ដែល​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​សេរីភាវូបនីយកម្ម​រប​ស់លោក​ម៉ូ​ឌី​នឹង​មានន័យថា​ជាទី​ការបញ្ចប់​នៃ​ការគាំទ្រ​តម្លៃ​ផលិតផល​ដូចជា​ស្រូវ​សាលី​និង​ស្រូវ​​ទូទៅ ហើយ​ទុកឱ្យ​ក្រុមហ៊ុន​ធំៗ​កើប​ផលចំណេញ​ច្រើន​ពី​កសិករ​។​

​លោក​ម៉ូ​ឌី​បាន​ស្វះស្វែង​ដោះស្រាយ​ការព្រួយបារម្ភ​នេះ ដោយ​ប្រាប់​កសិក​រថា ក្រោម​ច្បាប់​ថ្មី​នេះ​ពួកគេ​នឹង​ទទួលបាន​សិទ្ធិ​និង​ឱកាស​ថ្មីៗ​ជាច្រើន​។​

​កំណែទម្រង់ ដែល​ចែង​ក្នុង​ច្បាប់​ចំនួន ៣ ដែល​បាន​អនុម័ត​កាលពី​ខែ​កញ្ញា បាន​បន្ធូរបន្ថយ​វិធាន​នានា​ជុំវិញ​ការលក់ ការកំណត់​តម្លៃ និង ការ​ស្តុក​ទុក​កសិផល​។​

​ការចរចា​៦​ជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល​និង​មេដឹកនាំ​សហជីព​កសិករ មិន​បាន​ឈាន​ដល់​ដំណោះស្រាយ​លើ​បញ្ហា​លំបាក​បំផុត​ដែល​រដ្ឋាភិបាល​លោក​ម៉ូ​ឌី​កំពុង​ប្រឈម​នោះទេ​។

​រដ្ឋាភិបាល​និយាយថា ខណៈ​កំណែទម្រង់​អាច​ត្រូវបាន​ធ្វើ​វិសោធនកម្ម កំណែទម្រង់​ថ្មី​នេះ​គឺ​ប្តេជ្ញា​ធ្វើ​សេរីភាវូបនីយកម្ម​លើ​វិស័យ​កសិកម្ម​។ កាលពី​សប្តាហ៍​មុន​កសិករ​បាន​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​​ដើម្បី​កែ​ចំណុច​ខ្លះ​នៃ​កំណែទម្រង់​វិស័យ​កសិកម្ម ដោយ​ពួកគេ​ទាមទារ​ឱ្យ​លុប​ច្បាប់​កែ​ថ្មី​នេះ​ចោល​ទាំងស្រុង​ទើប​សុខចិត្ត​៕

​កសិករ​ឥណ្ឌា​ធ្វើ​កូដកម្ម​បង្អត់អាហារ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក​ម៉ូ​ឌី​លុបចោល​ទាំងស្រុង​នូវ​ច្បាប់​កសិកម្ម​ថ្មី​