ដោយៈ សរិទ្ធ/កំពង់ឆ្នាំងៈ អាជ្ញាធរមានសមត្ថកិច្ច បានចុះបិទទីតាំងផលិតស្រា.ស ស្រាថ្នាំ ជាង ៥០០ កន្លែង និងកន្លែងលក់ជាង ១.០០០ កន្លែងទៀត ក្នុងនោះក៏បានឃុំខ្លួនជនពាក់ព័ន្ធ ចំនួន ៦នាក់ផងដែរ ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែធ្នូនេះ។
ប្រភពខាងលើ បានបន្តថាៈ ការបិទទីតាំងផលិតស្រា និងលក់ស្រានេះ គឺធ្វើឡើងបន្ទាប់ពី ផ្ទុះករណីពុល បណ្តាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ រហូតដល់ទៅចំនួន ៨នាក់ និងអាការៈពុលធ្ងន់ និងស្រាល ប្រមាណជាងមួយរយនាក់ នាពេលកន្លងមក។ ព្រឹត្តិការណ៍ពុលស្រានេះ សមត្ថកិច្ច បានឈានទៅឃាត់ខ្លួនមនុស្ស ដែលជាប់ពាក់ព័ន្ធចំនួន ៦នាក់ និងបញ្ជូនទៅឃុំខ្លូន នៅពន្ធនាគារ តាមដីការបស់តុលាការហើយ។
ប្រភពដដែលបានបន្តទៀតថាៈ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងដកហូតបានស្រាជិត៤ ពាន់លីត្រ ស្រា ស ច្រកស្រេច មានចំនួន ៥៣២ កាន មេស្រា ៧៥ ធុង ព្រមទាំងប្រភេទ ដបផ្សេងៗ មួយចំនួនទៀត ស្ថាប័នជំនាញបញ្ជាក់ថា ករណីខាងលើ ដោយសារការផលិតមានកម្រិតមេតាណុលខ្ពស់៕PC