របាំង​ចែក​ទ្រូងផ្លូវ​!

ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​របាំង​ចែក​ទ្រូងផ្លូវ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដើម្បី​ជំនួស​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​។​របាំង​ចែក​ទ្រូ​វ​ផ្លូវ​គេ​ឃើញ​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំ​ពេ​ព្រមទាំង​តាម​ទី​រួម​ខេត្ត​នានា​។​នៅ​រាជធានី​ភ្នំពេញ​គេ​អាច​ចាំបាន​ថា​ក្នុងអំឡុង​អាណត្តិ​លោក កែប​ជុតិមា ជា​អភិបាល​រាជធានី​នាកាល​ណោះ​។​

​សព្វថ្ងៃនេះ នៅ​ផ្លូវជាតិ​សំខាន់ៗ ចេញពី​ភ្នំពេញ របាំង​ចែក​ទ្រូងផ្លូវ ត្រូវបាន​គេ​ធ្វើជា​សួន មាន​ដាំ​ផ្កា និង​ស្មៅ​។ រីឯ​នៅក្នុង​ក្រុង គឺ​របាំង​ចែក​ទ្រូងផ្លូវ ជា​ថ្ម ឬក៏​ដែក​ជាដើម​។​
​ប៉ុន្តែ​ថ្មីៗ​នេះ​ទៀត​នៅ​ភ្នំពេញ​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏បាន​ផ្លាស់ប្តូរ​របាំង​ចែក​ទ្រូងផ្លូវ ដោយ​ប្តូរ​ពី​ថ្ម ដាក់​របាំង​ចែក​ទ្រូងផ្លូវ ធ្វើ​ពី​ជ័រ​វិញ​។​
​របាំង​បែងចែក​ទ្រូងផ្លូវ​នៅ​ភ្នំពេញ​ពិសេស​នៅ​មហាវិថី​សហព័ន្ធរុស្ស៊ី​ចាប់តាំងពី​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រីរ​ហូត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​ដល់​រង្វង់​មូល​ចោមចៅ​ត្រូវបាន​ផ្លាស់ប្តូរ​ជា​ញឹកញាប់​។​កាលពី​ដាក់​របាំង​ចែក​ទ្រូងផ្លូវ​ដំបូង គឺ​ធ្វើ​ពី​ថ្ម ទាបៗ​កម្ពស់​ប្រហែល ២​ទៅ​៣​តឹក​។​ក្រោយមក​ក៏​ប្តូរ​ជា​ថ្ម​ខ្ពស់ៗ​ប្រហែលជា​ជិត​មួយ​ម៉ែត្រ​។​បន្តិចក្រោយមក​ទៀត​គេ​ក៏​ឃើញ​ប្តូរ​ទៅជា​របាំង​ចែក​ទ្រូ​វ​ផ្លូវ​ធ្វើ​ពី​ដែក​។
​ប៉ុន្តែ​ដោយសារ​តែមាន​ករណី​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​បើក​បុក​របាំង​ដែក​ចែក​ទ្រូងផ្លូវ​នោះ​ហើយ​គ្រោះថ្នាក់​ធ្ងន់់ធ្ងរ​នៅ​ជិត​ស្ពាន​អាកាស ៧​មករា​ឬ​ស្ពាន​អាកាស​ពេទ្យ​ព្រះសង្ឃ និង​នៅ​មហាវិថី​ព្រះសីហនុ ជិត​វិមានឯករាជ្យ ក៏​ក្រោយមក របាំង​ចែក​ទ្រូងផ្លូវ ធ្វើ​ពី​ដែក​ត្រូវបាន​គេ​ប្តូរ​ចេញ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ដោយ​ដាក់​ថ្ម​ជំនួស​វិញ​។​

​យ៉ាងណាក៏ដោយ​នៅពេលនេះ​របាំង​ចែក​ទ្រូងផ្លូវ​ក៏ត្រូវ​បាន​អាប់​ដេ​ត​មួយកម្រិត​ទៀត​ដោយ​ប្តូរ​ពី​ថ្ម​ទៅជា​ជ័រ​វិញ​ម្តង​។​ការផ្លាស់ប្តូរ​របាំង​ចែក​ទ្រូងផ្លូវ​ដោយ​ប្តូរ​ពី​ថ្ម​ទៅ​ជ័រ​នេះ​ត្រូវបាន​គេ​លើកឡើង​ផ្សេងៗ​ពីគ្នា​។​អ្នកខ្លះ​ថា​ដាក់​របាំង​ថ្ម​រឹងមាំ​ពេក​ឡាន​បុក​ឡាន​កៀរ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​ចំណែក​អ្នក​ខ្លះទៀត​លើកឡើងថា​ការដូរ​ពី​ថ្ម​ទៅ​ជ័រ​នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ឡាន​ផង​និង​ជាការ​លើកកម្ពស់​សោភ័ណភាព​ទីក​ក្រង​ផង​។
​ទន្ទឹមនេះ ក៏មាន​អ្នក​យល់ឃើញថា របាំង​ចែក​ទ្រូងផ្លូវ ដែល​ធ្វើ​ពី​ជ័រ​ស៊េរី​ថ្មី​នេះ ចាំង​ផ្លាត​ល្អ​ណាស់ នៅពេល​យប់​។ កាលពី​របាំង​ចែក​ទ្រូងផ្លូវ​ធ្វើ​ពី​ថ្ម កាល​មុន គឺ​មើលមិនឃើញ​ទេ​។

​នៅ​ស្រុក​គេ​ជឿនលឿន​របាំង​ចែក​ទ្រូងផ្លូវ​គេ​មិន​ប្រើ​នោះទេ​។​មូលហេតុ​គឺ​គេ​ប្រើតែ​គំនូស​សញ្ញា​បែងចែក​គន្លង​ផ្លូវ​តែប៉ុណ្ណោះ​។​នៅ​ស្រុក​យើង​ការប្រើប្រាស់​គំនូស​ចែក​ទ្រូងផ្លូវ​ក៏​ដោយសារតែ​កំណើន​យានយន្ត​ហើយ​អ្នកបើកបរ​មួយចំនួនធំ​មិន​គោរព​ច្បាប់​បើកបរ​បំពាន​គន្លង​ផ្លូវ​ឆ្លង​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ដែលមាន​ចរាចរណ៍​បញ្ច្រាសទិស​គ្នា​។​ដូច្នេះហើយ​ទើប​អាជ្ញាធរ​សមត្ថកិច្ច​បង្កើត​របាំង​ចែក​ទ្រូងផ្លូវ​នេះ​ឡើង​។

​ម្យ៉ាងទៀត របាំង​ចែក​ទ្រូងផ្លូវ​នេះ ក៏​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ពិសេស​នៅ​ចំណុច​ផ្លូវ​កាត់​ទទឹង នៅក្នុង​ក្រុង ទីប្រជុំជន​នានា​។ គ្រោះថ្នាក់​ចរាចរណ៍ ក៏​ត្រូវបាន​កាត់បន្ថយ បាន​មួយចំនួនធំ ដោយសារតែ​របាំង​ចែក​ទ្រូងផ្លូវ​នេះ​ផងដែរ​។ ប៉ុន្តែ​កន្លងមក របាំង​ចែក​ទ្រូងផ្លូវ​នេះ ក៏បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខ្លះ​ដែរ លើ​អ្នកបើកបរ​ខ្លះ ដែល​ស្រវឹង ពិសេស​នៅពេល​យប់ៗ​។​
​ចូរ​ចាំ​ថា​អ្វី​ក៏ដោយ​ឲ្យ​តែមាន​ការផ្លាស់ប្តូរ​ពី​ចាស់​ទៅ​ថ្មី​ក៏​ដើម្បី​តែ​ឲ្យ​មាន​ផាសុខភាព​ជាង​មុន​ក៏​ដើម្បី​ឲ្យ​បានល្អ​ប្រសើរ​ជាង​ស្ថានភាព​ចាស់​ប៉ុណ្ណោះ​។ ដូច្នេះ​ករណី​ផ្លាស់ប្តូរ​របាំង​ចែក​ទ្រូងផ្លូវ​នៅ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏​ដើម្បី​តែ​សោភ័ណភាព​ស្រស់ស្អាត​ជាង​មុន​ផង និង​ដើម្បី​ឲ្យ​អ្នកដំណើរ​មើលឃើញ​ទ្រូងផ្លូវ​កាន់តែច្បាស់​ជាង​មុន​នៅពេល​យប់​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular