Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋ​ចង់ឱ្យ​...

​រដ្ឋ​ចង់ឱ្យ​វិស័យ​ឯកជន​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការនាំ​ចូលក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​អំពី​តួនាទី​របស់​សមាគម​វា​រី​វប្បករ​កម្ពុជា ក្នុងការ​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម​កម្ពុជា ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ កាត់បន្ថយ​ការនាំ​ចូល ខណៈ​ជំងឺឆ្លង​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ជាស​កល​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា បន្ទាប់ពី​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ និង​ក្តាប់បាន​អំពី​ស្ថានភាព​ជាក់ស្តែង​របស់​ស​មា​គម​វា​រី​វប្បករ​កម្ពុជា រួចមក លោក​បាន​ណែនាំ​ដល់​រដ្ឋបាល​ជលផល​នូវ​ចំណុច​គន្លឹះ​សំខាន់ៗ​មួយចំនួន ដូចជា​៖ ត្រូវ​សហការ​ជាមួយ​សមាគម​ដើម្បី​វាយតម្លៃ​ឲ្យ​បានច្បាស់លាស់​អំពី​សមត្ថ​ភាព​ផលិត ផ្គត់ផ្គង់​ក្នុងស្រុក និង​តម្រូវ​ការបន្ថែម ដោយ​ប្រើ​យន្ត​ការចុះ​ស្រង់​ស្ថិតិ​កសិដ្ឋាន​ចិញ្ចឹម កន្លែង​ចិញ្ចឹម និង​បណ្តុំ​អាជីវកម្ម​ផ្សេងៗ​ទៀត រួច​កំណត់​ចេញ​អំពី​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ច្បាស់លាស់​មួយ​។​

​ដោយឡែក ចំពោះ​សមាគម​វា​រី​វប្បករ​កម្ពុជា លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​សហការគ្នា​ក្នុង​រង្វង់​សមាគម បង្កើន​ផលិតភាព​ផលិតកម្ម​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ បង្កង កន្ធាយ និង​កង្កែប​ទាំង​បរិមាណ និង​គុណភាព​ឈានទៅ​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​កាត់បន្ថយ​ការនាំ​ចូល​, រៀបចំ​បណ្តុំ ឬ​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឲ្យ​បាន​ទូលំទូលាយ អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​កម្មវិធី​ផលិត​កូន កម្មវិធី​ចិញ្ចឹម និង​កម្មវិធី​ទីផ្សារ​, ខិតខំ​រួម​សាមគ្គី​គ្នា​អនុវត្ត​បែបបទ​បច្ចេកទេស រដ្ឋបាល និង​ការអនុវត្ត​ច្បាប់​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព ឆ្លើយតប​តាម​ស្តង់ដារ​ផលិត ដែលជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការប្រកួតប្រជែង​, កាត់បន្ថយ​ភាព​អសកម្ម បង្កើន​សកម្មភាព​ជំរុញ​លើកទឹកចិត្ត គាំទ្រ និង​ផ្សព្វផ្សាយ​អំពី​តម្រូវ ការ​ទីផ្សារ បរិមាណ និង​តម្លៃ​ក្នុង​រង្វង់​សមាគម​ឲ្យ​បាន​ទូលំទូលាយ និង​ត្រូវ​រួមសហការ​គ្នា​ឲ្យ​បានល្អ​ប្រសើរ​ជាមួយ​រដ្ឋបាល​ជលផល ដើម្បី​លើកស្ទួយ​វិស័យ​វារីវប្បកម្ម​កម្ពុជា និង​ចូលរួម​ទប់ស្កាត់​បទល្មើស​នាំចូល​ផល​វារីវប្បកម្ម​ខុសច្បាប់​តាម​គ្រប់​រូបភាព​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ដល់​សមាជិកសមាគម​វា​រី​វប្បករ​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការអនុវត្ត​បច្ចេកទេស​ចិញ្ចឹម និង​ពង្រីក​អាជីវកម្ម​ចិញ្ចឹម​ដើម្បី​ច្បាម​យក រួច​ប្រើប្រាស់​កាលានុវត្តភាព​នៃ​វិ​ប​ត្ត​ជំងឺឆ្លង​នេះ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​៕​srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular