ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្មេងស្រីជំទង់បីនាក់ នៅថ្ងៃទី១៤ ខែធ្នូ នេះពាក់ព័ន្ធនឹងអំពើហិង្សា ចងដៃជើង និងយកស្កុតបិទមាត់ក្មេងស្រី អាយុ៥ឆ្នាំ ។ករណីនេះបានប្រព្រឹត្ត កាលពីថ្ងៃទី៦ ធ្នូ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថាៈ ជនសង្ស័យ ជាក្មេងស្រីទាំង បីនាក់នោះ មានៈ ១-ឈ្មោះ ម៉ាក់ គីមហុង អាយុ ១៨ឆ្នាំ, ២-ឈ្មោះ ដួង ទីណូ និង៣-ឈ្មោះ ទេស ម៉ាណា ពីរនាក់នេះ មានអាយុ ១៤ ឆ្នាំដូចគ្នា បានត្រូវចាប់ខ្លួន ពីបទពាក់ព័ន្ធនឹងការចាប់ ក្មេងស្រី អាយុ៥ឆ្នាំ ចងដៃចងជើង និងយកស្កុតបិទមាត់។ ក្មេងស្រីទាំង បីនាក់នេះ មានមុខរបរ ជាជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះទល់មុខគ្នា ជាមួយផ្ទះក្មេងស្រីរងគ្រោះ។
សមត្ថកិច្ច បានឱ្យដឹងទៀតថាៈ កាលពីថ្ងៃទី៦ ធ្នូ ម៉ោងប្រហែលជាង ១០យប់ មានករណីហិង្សាមួយ ដោយក្មេងស្រីជំទង់ៗ បីនាក់ បានយកខ្សែនីឡុង ចងដៃចងជើង និងយកស្កុតបិទមាត់ ក្មេងស្រី អាយុ៥ឆ្នាំម្នាក់ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្មេងស្រីរងគ្រោះ ឈ្មោះ ច. រ . ឆ ភេទស្រី អាយុ ៥ ឆ្នាំ។
នៅថ្ងៃទី១៤ ខែធ្នូ លោកស្រី អ៊ន ស៊ីណាត ជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថាៈ កាលពីថ្ងៃទី៦ ខែធ្នូ ម៉ោងប្រហែល ១០:៣០យប់ កូនស្រីគាត់ ដែលទើបមានអាយុ ៥ ឆ្នាំ បានលេងនៅមុខផ្ទះ ហើយស្រាប់តែបានឃើញ ក្មេងស្រី ពីរនាក់ អាយុ១៤ឆ្នាំ និងម្នាក់ទៀត អាយុ១៨ឆ្នាំ បានចាប់កូនគាត់ ចងនឹងខ្សែនីឡុង ដោយចងដៃចងជើង និងយកស្កុតបិទមាត់ និងឲ្យហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាម មិនឲ្យប្រាប់អ្នកណានោះទេ ។ លោកស្រី សង្ឃឹមថាៈ សមត្ថកិច្ច និងតុលាការ នឹងរកយុត្តិធម៌ ជូនលោកស្រី ជាពិសេសកូនស្រី របស់លោកស្រី ផ្ទាល់តែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានបញ្ជាក់ថាៈ ករណីនេះ នគរបាល ប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំង បានទទួលពាក្យបណ្តឹង រួចហើយ និងបានបញ្ជូនសំណុំរឿងនេះ ទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕/V