ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ សមភាគីថៃ មិនឆ្លើយតបលិខិត ឬមានប្រតិកម្មយ៉ាងណា នឹងការស្នើអោយរុះរើ ស្លាកសញ្ញាដោះមីន ចេញពីតំបន់បង្គោល ព្រំដែន លេខ ៣២-៣៣ ដែលមិនទាន់ឯកភាពគ្នា នាភូមិសាមគ្គី (ខាងជើងច្រកតំបន់បឹងត្រកួន) ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខឃុំ-ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។
លោកវរសេនីយ៍ ខៃ ខែត ប្រធានក្រុមការងារ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ច្រកតំបន់បឹងត្រកួន (នៃយោធភូមិ៥) ស្រុកថ្មពួក បានប្រាប់កាសែត រស្មីកម្ពុជា តាមទូរស័ព្ទ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថាៈ លិខិតខាងក្រុមការងារ បានសរសេរ ទៅសមភាគីថៃ កាលពីថ្ងៃទី១០ ខែធ្នូ ដើម្បីអោយឆ្លើយតបនឹងសំណើ របស់កងកម្លាំងកម្ពុជា ទទួលខាងការងារព្រំដែន ករណីថៃ ត្រូវរុះរើស្លាកសញ្ញាដោះមីន បញ្ឈប់ការបោសសម្អាតមីន នៅចំណុចខាងលើនោះ ភាគីថៃ មិនឆ្លើយតបទេ។ ប៉ុន្តែលោក បានបង្ហើបថាៈ ” ប៉ុន្តែអ្វីបានរៀបរយ។ កម្លាំងយើងបានល្បាត បានគ្រប់គ្រង គឺគ្មានស្លាក គ្មានការដោះមីនទៀតទេ ” ។
ទោះយ៉ាងណា លោកថា នេះជាការលាក់ការណ៍មួយ ។
សូមរំលឹកថា យោងស្មារតី នៃខ្លឹមសារអង្គប្រជុំមួយ នាស្នាក់ការក្រុមការងារទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួន កាលពីថ្ងៃទី៩ ធ្នូ កន្លងទៅ រវាងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ទទួលជានាយសេនាធិការ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនគោក របស់យោធភូមិភាគ៥ បានចេញសេចក្តីប្រកាសមួយថាៈ អង្គប្រជុំ បានពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីន របស់ភាគីថៃ ចន្លោះបង្គោលសីមា លេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពេលនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឱ្យក្រុមការងារ ទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ ។
លោកបានបន្តថាៈ បើរយៈពេល ២ ថ្ងៃ ភាគីថៃ មិនរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងកម្ពុជា ឈរជើងនៅទីនោះ នឹងធ្វើការរុះរើ ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមឱ្យភាគីថៃ ជូនដំណឹង គ្នាទៅវិញទៅមក ។ ក្រុមការងារ ក៏បានចុះត្រួតពិនិត្យ គោលដៅថៃ ដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
យោងកងកម្លាំងការពារព្រំដែនរបស់កម្ពុជា បានអោយដឹងថាៈ នៅតំបន់ចន្លោះបង្គោលព្រំដែន លេខ៣២-៣៣ (ម្តុំច្រកតាក្លឹង) និងចំណុចជាច្រើនទៀត បណ្តោយព្រំដែនគោកកម្ពុជា ថៃ ប្រវែង ៨០០ ប្លាយ គ.ម ភាគីទាំងពីរ កម្ពុជា ថៃ ក្នុងកិច្ចព្រមព្រៀង ឆ្នាំ២០០០ បានឯកភាពអោយថែរក្សាស្ថានភាព បរិស្ថានដើម ។ ករណីខាងលើ ក៏ត្រូវរក្សាស្ថានភាព បរិស្ថានដើមដែរ ពោលគឺសម្រាប់ចំណុចមិនទាន់ឯកភាពគ្នា ៕/V