ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ អាជ្ញាធរវិទ្យាសាស្ត្រសុខភាពបានអនុម័តការប្រើវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer-BioNTechនៅសិង្ហបុរី ហើយវ៉ាក់សាំងក្រុមដំបូងនឹងត្រូវបញ្ជូនមកដល់ប្រទេសអាស៊ីអាគ្នេយ៍នេះនៅចុងខែធ្នូ ចំពេលរដ្ឋាភិបាលត្រៀមបន្ធូរបន្ថយការរឹតត្បិតខ្លះនៅពេលនោះ។
នាយករដ្ឋមន្ត្រី លី សៀនឡុង បានបញ្ចេញអោយដឹងក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិកាលពីថ្ងៃចន្ទថា «ខ្ញុំសប្បាយរីករាយណាស់ដើម្បីប្រាប់អ្នករាល់គ្នាថា ក្រោយការសិក្សាភស្តុងតាងវិទ្យាសាស្ត្រនិងទិន្នន័យសាកល្បងវេជ្ជសាស្ត្រ អាជ្ញាធរវិទ្យាសាស្ត្របានអនុម័តប្រើវ៉ាក់សាំងរបស់Pfizer-BioNTechដើម្បីបង្ការជំងឺកូវីដ១៩»។
លោកបានបន្ថែមថា នេះធ្វើអោយសិង្ហបុរី ក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសដំបូងៗដែលទទួលវ៉ាក់សាំងនេះ។
លោកបានបញ្ជាក់បន្ថែមថា «វាត្រូវរំពឹងថានឹងមកដល់សិង្ហបុរីនៅប៉ុន្មានខែខាងមុខតែក្រុមដំបូងនឹងមកដល់នៅចុងខែនេះ។បើអ្វីៗដំណើរការទៅតាមផែនការយើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់គ្រប់គ្នានៅសិង្ហបុរី ត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១»។
សូមបញ្ជាក់ថា អង់គ្លេសជាប្រទេសដំបូងគេដែលបានអនុម័តប្រើវ៉ាក់សាំងរបស់់Pfizer-BioNTechកាលពីថ្ងៃ០២ធ្នូ និងបន្ទាប់មកអាម៉េរិកនៅថ្ងៃ១១ធ្នូ។
ការអនុម័តប្រើនេះកើតឡើងចំពេលក្រុមហ៊ុនឳសថអាម៉េរិកPfizer និងដៃគូអាឡឺម៉ង់BioNTechកាលពីខែវិច្ឆិកាបានបញ្ចេញលទ្ធផលចុងក្រោយមកពីការសាកល្បងទ្រង់ទ្រាយធំលើវ៉ាក់សាំងកូវីដ១៩របស់ខ្លួន ដោយបង្ហាញថាវាមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩ដល់ទៅ៩៥ភាគរយ។
កាលពីថ្ងៃចន្ទ លោកលី សៀនឡុងក៏បាននិយាយថា សិង្ហបុរីនឹងឈានចូលក្នុងដំណាក់កាលទី៣នៃការបើកប្រទេសឡើងវិញនៅ២សប្តាហ៍ទៀត គឺថ្ងៃ២៨ធ្នូ។ការបន្ថូរបន្ថយនេះនឹងអនុញ្ញាតអោយមានការជួបជុំមនុស្សចាប់ពី៥ទៅ៨នាក់នៅតាមទីសាធារណៈ ។
ទោះជាយ៉ាងដូច្នេះក្តី លោកលី បាននិយាយថាវីរុសកូរ៉ូណានឹងមិនទាន់ត្រូវកំចាត់បាននៅឡើយ ហើយនៅសល់ផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ៕
ការចាក់វ៉ាក់សាំងនឹងត្រូវឡើងតាមការស្ម័គ្រចិត្ត សំរាប់ពលរដ្ឋសិង្ហបុរីទាំងអស់