ដោយៈវិវឌ្ឍន៍/ភ្នំពេញៈ ពាន់ព័ន្ធនឹងស្ថានភាពជម្ងឺកូវីដ-១៩នៅកម្ពុជា ក្រសួងសុខាភិបាល
បានជូនដំណឹងឱ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៥ ធ្នូនេះ មានករណីវិជ្ជមានថ្មីចំនួន០៣នាក់ និងជាសះស្បើយចំនួន០៣នាក់។
ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ មាន៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនមានពាក់ព័ន្ធ ទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” គឺ៖
១. ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១០៥នាក់ ដែល នៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ១០៤នាក់ ដែលមានលទ្ធផលតេស្កូអវិជ្ជមានវីរុសកូវីដ-១៩ នោះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ចំនួន ៤៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ៥៩នាក់ និងស្ថានទូតអាមេរិក ចំនួន ០១នាក់។
២. ស្ត្រីជនជាតិជប៉ុនអាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៦៥នាក់ ដែលនៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៦៤នាក់ ដែលមានលទ្ធផល តេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន ៣៧នាក់ និងសណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ២៧នាក់។
ដោយឡែក ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ទៀត ជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” គឺជាកុមារាជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លទ្ធផល ធ្វើតេស្តវត្ថុសំណាកលើកទ៣ របស់កុមារារូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ ក៏មានអ្នកជាសះស្បើយ ចំនួន ០៣នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” មាន៖
១.បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១9 ចំនួន០៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
២.ស្ត្រីជនជាតិខ្មែរ អាយ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។
៣.បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃដែលជាអ្នកប៉ះពាល់ជាមួយលោកអគ្គនាយកពន្ធនាគារ។
សូមកត់សម្គាល់ថា បុគ្គលទី២ និងទី៣ ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕-R