ដោយ:គូលែន/សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីហាន់ដាយ បុកម៉ូតូ ដែលបើកបរស្របទិសគ្នា បណ្តាលអោយរបួសភាគីខាងម៉ូតូចំនួន២នាក់ កាលពីល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយភាគីខាងរថយន្តម៉ាកហ៊ីហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E ៣២២៦ បើកបរដោយឈ្មោះ ថត សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពីរី ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបើកបរក្នុងទិសដៅពីទិសលិចទៅទិសកើត ដោយខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១Z ២៣៥៤ ដែលជិះគ្នា២នាក់ក្នុងទិសដៅស្របទិសគ្នា បណ្តាលអោយភាគីខាងម៉ូតូរងរបួស ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ចិន អូស្ត្រាលី ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកម៉ូតូ រងរបួសបែកក្បាល និងម្នាក់ទៀតឈ្មោះ ទឹម ចាន់ទី ភេទប្រុស អាយុ២៨ នៅភូមិ គ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
វត្ថុតាងមានរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមនិតិវិធី៕