ប្រែសម្រួលៈវាសនា៖ នាវាដឹកប្រេងមួយដែលបានចតនៅអារ៉ាប៊ីសាអូឌីត ត្រូវបានទូកតូចមួយដែលផ្ទុកគ្រាប់បែកបើកបំបុកនៅក្នុងការវាយប្រហារភេរវកម្មមួយកាលពីថ្ងៃចន្ទ នេះបើយោងតាមសារព័ត៌មាន។
នាវាដោយទង់សិង្ហបុរីBW Rhine បានកក្រើករញ្ជួយដោយការផ្ទុះក្នុងពេលចតនៅស្ថានីយឥន្ធនៈមួយក្នុងក្រុងចេតដាកាលពីព្រឹកថ្ងៃចន្ទ។មន្ត្រីអារ៉ាប៊ីសាអូឌីត មិនបាននិយាយថានរណានៅពីក្រោយការវាយប្រហារនេះទេ តែគេជឿថាវាពាក់ព័ន្ធនឹងសង្គ្រាមនៅយែម៉ែន និងជាការវាយប្រហារទី៤ ដែលផ្តោតលើហេដ្ឋារចនាសម្ពន្ធរបស់អារ៉ាប៊ីសាអូឌីតនៅប៉ុន្មានសប្តាហ៍មកនេះ។
វាក៏កើតឡើងចំពេលក្រុមឧទ្ទាមហូទី ដែលគាំទ្រដោយអ៊ីរ៉ង់ បង្កើនការវាយប្រហារកាត់ព្រំដែនប្រឆាំងនឹងគោលដៅរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងការសងសឹកចំពោះយុទ្ធនាការយោធា៥ឆ្នាំ ដឹកនាំដោយរដ្ឋាភិបាលក្រុងរីយ៉ាត(អារ៉ាប៊ីសាអូឌីត)។
នាវាដឹកប្រេងBW Rhine រងការបំផ្ទុះគ្រាប់បែកកាលពីដើមថ្ងៃចន្ទ ក្រោយរងការបុកដោយវត្ថុមកពីក្រៅ នេះបើមានការបញ្ជាក់របស់ក្រុមហ៊ុន។ការផ្ទុះបានបង្កជាអគ្គិភ័យលើនាវាតែមនុស្ស២២នៅក្នុងនាវាមិនរងគ្រោះថ្នាក់ទេ រីឯអគ្គិភ័យត្រូវបានពន្លត់នៅពេលក្រោយមក។
អាចមានការកំពប់ធ្លាយប្រេងខ្លះ និងក្រុមហ៊ុនបាននិយាយថាខ្លួនកំពុងវាយតំលៃការខូចខាត។
អាជ្ញាធរអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗបានចោទប្រកាន់ក្រុមហូទីថា បានទម្លាក់គ្រាប់មីនអណ្តែតចូលក្នុងសមុទ្រក្រហមខាងត្បូង ដែលវាអាចអណ្តែតមកកាន់ក្រុងចេតដា។
ការផ្ទុះនេះបង្កការព្រួយបារម្ភអំពីសុវត្ថិភាពនាវាក្នុងសមុទ្រក្រហម ដែលជាតំបន់ឆ្លងកាត់ដ៏សំខាន់មួយសំរាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅលើពិភពលោក៕
នាវាBW Rhine បានចតនៅក្រុងចេតដាកាលពីថ្ងៃសៅរ៍ ដោយផ្ទុកប្រេងសាំងជាង៦ម៉ឺនតោនមកពីរោងចក្រចម្រាញ់មួយ