​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ដែល​គេ​រំពឹង​ទុក​ជា​យូរ​មក​ហើយ​លើ​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​ធ្នូ​ជុំវិញ​ការទិញ​យក​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី S-400 ដែល​ធ្វើឱ្យ​ស្មុគស្មាញ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​សម្ពន្ធមិត្ត​ណា​តូ​ទាំងពីរ​។​

​តួ​ក​គី​បាន​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​នេះ​ថា​ជា “​កំហុស​ដ៏​ធ្ងន់ធ្ងរ​” ហើយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កែប្រែ “​សេចក្តីសម្រេចចិត្ត​អយុត្តិធម៌​” របស់ខ្លួន​។ ​សេចក្តីថ្លែងការណ៍​មួយ​របស់​តួ​ក​គី​បាន​លើកឡើង​ថា ការដាក់ទណ្ឌកម្ម​នេះ​នឹង​បង្ក​អន្តរាយ​ដល់​ទំនាក់ទំនង​ទៅវិញទៅមក​ដោយ​ជៀស​មិន​រួច​និង​គំរាម​ចាត់វិធានការ​សងសឹក​។​

​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​មួយរូប​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​អ្នកយកព័ត៌មាន​ថា ការទិញ​យក​ប្រព័ន្ធ S-400 របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​និង​ការបដិសេធ​របស់ខ្លួន​ក្នុង​ការលុបចោល​ការសម្រេច​ចិត្ត​​របស់ខ្លួន​ទោះបីជា​មាន​ការ​អង្វរ​ម្តង​ហើយ​ម្តង​ទៀត​ពី​ទីក្រុង​វ៉ាស៊ីនតោន ធ្វើឱ្យ​សហរដ្ឋ​អាម៉េរិក​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ដាក់ទណ្ឌកម្ម​។​

​ការដាក់ទណ្ឌកម្ម​គឺ​ផ្តោត​លើ​ប្រធាន​ឧស្សាហកម្ម​ការពារជាតិ​ផ្នែក​ផ្គត់ផ្គង់​និង​អភិវឌ្ឍ​ខឿន​ការពារជាតិ​កំពូល​របស់​តួ​ក​គី លោក អ៊ី​ស្មា​អ៊ី​ល ដេ​មៀរ និង​បុគ្គលិក​បី​នាក់​ផ្សេង​ទៀត​។​

​វិធានការ ដែល​ទទួលបាន​ការស្វាគមន៍​ពី​បក្ស​ទាំង​ពីរ​ក្នុង​សភា​អាម៉េរិក ត្រូវបាន​ប្រកាស​នៅ​ក្រោម​ច្បាប់​ប្រឆាំង​សត្រូវ​របស់​អាម៉េរិក​តា​ម​រយៈ​ច្បាប់​ដាក់​ទណ្ឌកម្ម​ដែល​ជា​សកម្មភាព​ដំបូង​ត្រូវបាន​​ប្រើ​ប្រឆាំងនឹង​សមាជិក​នៃ​សម្ពន្ធមិត្ត​ណា​តូ​៕

​អាម៉េរិក​ដាក់ទណ្ឌកម្ម​តួ​ក​គី​ដោយសារ​ទិញ​ខែល​ការពារ​អាកាស​ពី​រុស្ស៊ី