ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិកបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទទី១៤ធ្នូដោយសង្ឃឹមថានឹងផ្លាស់ប្តូរស្ថានការណ៍ឱ្យប្រសើរឡើងជុំវិញការផ្ទុះវីរុសកូរ៉ូណាដ៏បំផុតរបស់ពិភពលោក ខណៈចំនួនអ្នកស្លាប់ក្នុងប្រទេសបានកើនដល់ខ្ទង់ ៣០០.០០០ នាក់។
ការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដែលគេទន្ទឹងរង់ចាំជាយូរនេះបានកើតឡើងស្របពេលដែលបណ្តាប្រទេសអឺរ៉ុបជាច្រើនប្រកាសពីការបិទផ្នែកខ្លះសាជាថ្មីចំពេលមានការឆ្លងរាលដាលយ៉ាងខ្លាំង ដែលនេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការបញ្ចប់ជំងឺរាតត្បាតនៅតែស្ថិតលើផ្លូវវែងឆ្ងាយ។
គិលានុបដ្ឋាយិកាក្រុងញូវយ៉កនាង សាន់ដ្រា លីនសេ បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាម៉េរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ពោលគឺមានរយៈពេល ៦ ថ្ងៃបន្ទាប់ពីអង់គ្លេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅលោកខាងលិចប្រឆាំងនឹងកូវីដ១៩។
ដោយទទូចឱ្យជនជាតិអាម៉េរិកទាំងអស់ “ចូលរួមចំណែក” តាមរយៈការចាក់វ៉ាក់សាំង នាងសាន់ដ្រា ជាគិលានុបដ្ឋាយិកាថែទាំដ៏សំខាន់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រជ្វីហ្វឡុងអាយលែន បាននិយាយថា “វាមិនមានអារម្មណ៍ខុសប្លែកគ្នាពីការចាក់វ៉ាក់សាំងដទៃនោះទេ”។
នាងបានបន្ថែមថា “ខ្ញុំសង្ឃឹមថានេះជាការចាប់ផ្តើមនៃទីបញ្ចប់នៃពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង”។
ការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុតនៃជំងឺរាតត្បាត ខណៈករណីឆ្លងនៅសហរដ្ឋអាម៉េរិកនិងប្រទេសជាច្រើនទៀតកំពុងកើនឡើងហើយអ្នកជំនាញផ្នែកសុខភាពនៅតែជួបការលំបាកក្នុងទប់ទល់នឹងមន្ទិលសង្ស័យអំពីវ៉ាក់សាំង ការអស់កម្លាំងពីការបិទតំបន់ និង ការប្រកាន់ខ្ជាប់មិនស្មើគ្នាចំពោះច្បាប់សុវត្ថិភាព។
កាលពីថ្ងៃចន្ទ ហូឡង់បានត្រៀមបិទប្រទេសយ៉ាងតឹងរ៉ឹងបំផុតចាប់តាំងពីមានជំងឺរាតត្បាតដំបូង អង់គ្លេសបានប្រកាសពីការរឹតបន្តឹងថ្មីលើទីក្រុងឡុងដ៍និងតួកគីនិយាយថាខ្លួននឹងបិទប្រទេសរយៈពេលបួនថ្ងៃនៅថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។
សហរដ្ឋអាម៉េរិក ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកនិងមានចំនួនករណីឆ្លងធំបំផុតរហូតដល់ចំនួន ១៦,៣ លាននាក់ មានអ្នកស្លាប់ដល់ខ្ទង់ ៣០០.០០០នាក់ក្នុងពេលតែប៉ុន្មានម៉ោងបន្ទាប់ពីការចាក់វ៉ាក់សាំងបានចាប់ផ្តើម៕
គិលានុបដ្ឋាយិកាក្រុងញូវយ៉កនាង សាន់ដ្រា លីនសេ បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាម៉េរិកដែលបានទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech