ប្រែសម្រួលៈវាសនា/ប៉េកាំង៖ រដ្ឋាភិបាលចិនប៉េកាំង បានច្រានចោលការសិក្សាស្រាវជ្រាវរបស់អាម៉េរិកមួយដែលថា បណ្តាទំនប់ទឹកចិនបានរក្សាទឹកទុក ជាហេតុនាំអោយខូចប្រយោជន៍របស់បណ្តាប្រទេសនៅខ្សែទឹកខាងក្រោម ដែលមនុស្សប្រមាណ៦០លាននាក់រស់អាស្រ័យលើទន្លេមេគង្គតាមរយៈការនេសាទនិងធ្វើកសិកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ចិននិងបណ្តាប្រទេសតាមដងទន្លេមេគង្គនៅប៉ុន្មានឆ្នាំមកនេះបានជំរុញកិច្ចសហការមេគង្គ-ឡានឆាងអំពីប្រភពធនធានទឹកទោះជាមានសម្លេងរុកគួននិងការជ្រៀតជ្រែកមកពីខាងក្រៅ ហើយបានធ្វើអោយមានការរីកចំរើនជាដុំកំភួន។
អ្នកនាំពាក្យក្រសួងការបរទេសលោក វ៉ាង វេនប៊ិន បានប្រាប់សន្និសីទកាសែតប្រចាំថ្ងៃថា « ចិនស្វាគមន៍ការលើកឡើងបែបស្ថាបនាមកពីបណ្តាប្រទេសនៅក្រៅតំបន់ស្តីពីការអភិវឌ្ឍនិងប្រើប្រាស់ប្រភពធនធានទឹក ដោយបណ្តាប្រទេសជាសមាជិកមេគង្គ-ឡានឆាង តែសូមប្រឆាំងដាច់ខាតចំណាត់ការបែបព្យាបាទក្នុងបំណងធ្វើអោយពួកយើងបែកបាក់គ្នា។
វ៉ាង បានចេញកប្រតិកម្មយ៉ាងដូចនេះ ក្រោយពីគំរោងផ្តល់មូលនិធិដោយអាម៉េរិកមួយ ដែលប្រើផ្កាយរណបជាច្រើន ធ្វើការតាមដានកំរិតទឹកនៅតាមទំបន់ទឹកចិននៅតាមទន្លេឡានឆាង និងបន្ទាប់មកជូនដំណឹងជាសាធាណៈ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានស្រង់សម្តីលោកវ៉ាងដែលបាននិយាយថាចាប់តាំងពីខែមុនមកចិនបានចាប់ផ្តើមផ្តល់ទិន្នន័យវារីអគ្គិសនីរបស់ទន្លេឡានឆាងសំរាប់រយៈពេលពេញមួយឆ្នាំជាមួយបណ្តាប្រទេសតាមទន្លេមេគង្គ និងចែលរំលែកព័ត៌មានស្តីពីកិច្ចសហការប្រើប្រាស់ប្រភពធនធានទឹកក្រោមកិច្ចសហការមេគង្គ-ឡានឆាង។ប្រទេសនៅខ្សែទឹកខាងក្រោម ក៏ចែករំលែកព័ត៌មាននិងទិន្នន័យរបស់ខ្លួនផងដែរ ដើម្បីបង្កើនតម្លាភាពព័ត៌មានស្តីពីកិច្ចសហការមេគង្គ-ឡានឆាង។
បើតាមលោកវ៉ាង បណ្តាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើបានបំពេញតួនាទីរបស់គេពេញលេញនៅក្នុងការបន្ថយលំហូរទឹកក្នុងរដូវវស្សា និងបង្កើនវាក្នុងរដូវប្រាំង ។ចាប់តាំងពីមានសំណង់ស្ថានីយវារីអគ្គិសនីតាមទន្លេឡានឆាង-មេគង្គ បណ្តាអាងស្តុកទឹកនៅរដូវភ្លៀងសំរាប់ការប្រើប្រាស់នៅពេលក្រោយមកបានជួយទប់លំហូរទឹកយ៉ាងគំហ៊ុកមកកាន់បណ្តាប្រទេសនៅខាងក្រោម ហើយ«សហគមន៍អន្តរជាតិនិងគណៈកម្មាធិការទន្លេមេគង្គ ជឿថា ស្ថានីយវារីអគ្គិសនីឡានឆាងនឹងជួយរក្សាលំហូរទឹកនៅទន្លេមេគង្គអោយមានលំនឹងនិងផ្តល់ប្រយោជន៍ដល់ការគ្រប់គ្រងទឹកជំនន់ ហើយជួយសម្រាលភាពរាំងស្រួតនៅតាមប្រទេសជាសមាជិកមេគង្គ»។
លោកវ៉ាងបានបន្ថែមថា ចាប់តាំងពីបង្កើតកិច្ចសហការមេគង្គ-ឡានឆាងមក ចិនបានជួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា អោយត្រៀមផែនការទីជម្រាលទឹកនិងផែនការធារាសាស្ត្រដ៏ល្អិតល្អន់។ចិនក៏បានជួយបណ្តាប្រទេសនៅខ្សែទឹកខាងក្រោមអោយបង្កើតផែនការបង្ការនិងកាត់បន្ថយគ្រោះទឹកជំនន់ ព្រមទាំងបញ្ជូនថាមពលវារីអគ្គិសនីពីទន្លេឡានឆាងទៅកាន់ប្រទេសខាងក្រោមដូចជាឡាវ និងមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា គំរោងផ្តល់មូនិធិដោយអាម៉េរិកឈ្មោះថា «អ្នកឃ្លាំមើលទំនប់ទឹកទន្លេមេគង្គ» ជាផ្នែកមួយនៃផែនការរបស់ក្រសួងការបរទេសអាម៉េរិក។វាប្រើផ្កាយរណបជាច្រើនដើម្បីតាមដាននិងចេញផ្សាយកំរិតកំពស់ទឹកនៅតាមទំបន់ចិននៅតាមទន្លេឡានឆាង-មេគង្គ។គំរោងនេះទើបចាប់ផ្តើមកាលពីថ្ងៃចន្ទទី១៤ធ្នូ ដែលនាំអោយមហាអំណាចទាំងពីរកាន់តែប្រជែងគ្នាខ្លាំងឡើងនៅអាស៊ីអាគ្នេយ៍៕
ទិដ្ឋភាពរួមនៃទំនប់វារីអគ្គិសនី ជ្រោះបីនៅទន្លេយ៉ាងសេ ក្នុងខេត្តហ៊ូប៉ី របស់ចិន