ដោយ៖តារារិទ្ធ/ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជ្រើសរើស យកជម្រើសទី៣ ដែលលោកបានស្នើសុំមកនាយករដ្ឋមន្ត្រីពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសម្រេចយកពិន្ទុប្រឡងឆមាសទាំងពីរ លើកធ្វើការវិនិច្ឆ័យទៅលើលទ្ធផលសិក្សារបស់សិស្សដើម្បីសម្រេចថាតើសិស្សណាជាប់ ឬធ្លាក់បាក់ឌុបតែម្តង ដោយមិនចាំបាច់រងចាំធ្វើការប្រឡងទៀតនោះទេ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងការថ្លែងសារពិសេសនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានរម្លឹកថា៖កាលពីថ្ងៃទី៧ខែធ្នូកន្លងទៅលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានស្នើទៅលើជម្រើសចំនួន ៣រួមមាន ៖ទី ១-បើការឆ្លងនៅបន្តនោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលគ្រោងរៀបចំដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់ កណ្ដាលខែមករាឆ្នាំ២០២១វិញ។ទី២- ករណីរង់ចាំដល់ពាក់កណ្តាលខែមករាឆ្នាំ២០២១ នៅមិនមានលទ្ធភាពដំណើរការប្រលងបានក្រសួងនឹងរៀបចំប្រឡងបាក់ឌុបនៅតាមវិទ្យាល័យរៀងៗខ្លួន និងទី៣ – ករណីរីករាលដាលក្នុងស្ថានភាពធ្ងន់ធ្ងរក្រសួងនឹងផ្អាកប្រឡងបាក់ឌុប ២០១៩-២០២០ ដោយជំនួសវិញវាយតម្លៃការប្រឡងឆមាសដើម្បីកំណត់ការជាប់ ឬធ្លាក់ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖សម្តេចបានចារជូនរដ្ឋមន្ត្រីជាប៉ិចក្រហមសម្រាប់ឲ្យធ្វើការពិចារណាថា៖ «ពេលនេះសភាពការណ៍នៅមិនទាន់ច្បាស់លាស់យកជម្រើសទី ២។ក្នុងករណីជម្រើសទី ២ មិនអាចអនុវត្តបានសុំយកជម្រើសទី ៣ ។ ព្រោះលទ្ធភាពនៃការប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមិនអាចកើតមាននៅ មុនថ្ងៃទី ១១ មករាឆ្នាំ២០២១បានទេ» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្យាករណ៍ថា៖«ការប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចនឹងកើតឡើងក្រោយថ្ងៃទី ២០ មករា ២០២១ឯណោះ ។ ដូច្នេះសុំឲ្យក្រសួងអប់រំពិចារណាទៅទៅលើលទ្ធភាពទី៣នៃការវាយតម្លៃលើពិន្ទុប្រលងឆមាសដោយសារតែសិស្សរាប់រយលាននាក់លើពិភពលោករួមទាំងកម្ពុជាផងមិនបានរៀន សូត្រ ទេយើងត្រូវទទួលយកនូវហេតុការណ៍ពិតប្រាកដ គ្រូ សិស្ស ក៏អត់ទាន់មានវ៉ាក់សាំងការពារមិនទាន់មានមនុស្សស្លាប់ផងគេចោទថាយើងលួចលាក់មិនបង្ហាញដូច្នេះគ្រូនិងសិស្ស មាតាបីតាសិស្សក៏មិនស្ងប់ចិត្តដែរក្នុងការឲ្យកូនទៅប្រឡងបាក់ឌុបនោះដែរ» ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅក្រសួងអប់រំឲ្យធ្វើការសម្រេចឲ្យបានលឿនធ្វើការវាយតម្លៃពិន្ទុឆមាសដោយមិនចាំបាច់រហងចាំទៀតទេដើម្បីសិស្សអាចត្រៀមខ្លួនបន្តការសិក្សានៅមហាវិទ្យាល័យដែលពួកគេចង់ ។
សូមបញ្ជាក់ជូនកាលពីពេលកន្លងអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាសម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង១២ម៉ឺននាក់ដែលនឹងចូលរួមប្រឡងបាក់ឌុបឆ្នាំ២០១៩-២០២០ ។ ក្រសួងបានកំណត់ថ្ងៃប្រឡងចុងក្រោយនៅថ្ងៃទី ១១ ខែ មករា ២០២១ ៕