ដោយ៖រ៉ាម៉ន / ព្រះវិហារ៖ ផ្លូវជាច្រើនខ្សែ ដែលទទួលរងការខូចខាតនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលជាប្រចាំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ធ្នូឆ្នាំ២០២០នេះថា៖ អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានជួសជុលផ្លូវជាច្រើនខ្សែ និងជួសជុលបង្គោលសុវត្តិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួល ។
ក្នុងនោះ លោក សំ លាងទ្រី បានបញ្ជាក់ថា៖ សំរាប់សកម្មភាពការងាររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើសកម្មភាពនាពេលនេះរួមមាន៖ ១.ក្រុមការងារថែទាំផ្លូវជាតិលេខ៦៤ ថ្ងៃនេះបន្ត ស្រោចកៅស៊ូ សៀលស្នាមប្រេះ ស្ថិតនៅចន្លោះ គីឡូម៉ែត្រ ៩៥+៤០០ដល់ គីឡូម៉ែត្រ៩៦+០០០ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ២. ក្រុមការងារជួសជុលផ្លូវ ក្រាលកៅស៊ូ DBST (ថែទាំខួប) ប្រវែង៥,៦គីឡូម៉ែត្រ ថ្ងៃនេះបន្ត កាយដីគ្មានគុណភាព ផ្លូវជាតិលេខ៦២ស្ថិតនៅចន្លោះ គីឡូម៉ែត្រ២៣០+៤០០ ដល់ គីឡូម៉ែត្រ២៣៣+៥០០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ៣. ការងារស្រោចកៅស៊ូឡើងវិញ (Re-Seal) ផ្លូវជាតិលេខ៦២ ប្រវែង ១១,០គីឡូម៉ែត្រ ថ្ងៃនេះបន្ត ស្រោចកៅស៊ូស្រទាប់ថ្ម ១៩មីលីម៉ែត្រ ស្ថិតនៅចន្លោះ គីឡូម៉ែត្រ ១៦៩+៧៤០ដល់គីឡូម៉ែត្រ១៧១+០៤០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។៤. ក្រុមការងារចោះផ្លូវជាតិលេខ៦២ថ្ងៃនេះបន្តចោះនៅ គីឡូម៉ែត្រ១៨១+៨០០ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។៥. ក្រុមការងារជួសជុលបង្គោលសុវត្តិភាពផ្លូវជាតិលេខ ៦៤ចន្លោះគីឡូម៉ែត្រ ៦០+០០០ដល់ គីឡូម៉ែត្រ៧៧+០០០ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ៕