ដោយ: អង្គរតូច / សៀមរាប: កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ខែធ្នូនេះ បានសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង ចាប់វាយខ្នោះជនសង្ស័យម្នាក់ ដែលវាយប្លន់យកម៉ូតូពីជនរងគ្រោះនៅខេត្តសៀមរាប។
របាយការណ៍ដែលផ្តល់អោយដោយមន្ត្រីកងរាជ អាវុធហត្ថខេត្តសៀមរាប បង្ហាញថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះហុន វិជាតិ ភេទប្រុសអាយុ៤៣ឆ្នាំ គ្មានមុខរបរ ទីលំនៅបច្ចុប្បន្ន ភូមិបឹងដូបប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ឃាត់ខ្លួនបាននៅចំណុច ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងខណៈពេលដែលជនសង្ស័យខាង លើ ជិះម៉ូតូដែលវ៉ៃយកបានពីជនរងគ្រោះ ពីខេត្ត សៀមរាប ហើយគេចខ្លួនមកដល់ស្រុកកំរៀង។ ចំណែកជនរងគ្រោះ សមត្ថកិច្ចពុំបង្ហាញឈ្មោះនោះទេ។
របាយការណ៍ បង្ហាញទៀតថា ជនសង្ស័យបានប្រព្រឹត្ត វ៉ៃជនរងគ្រោះយកម៉ូតូ កាលពីវេលាម៉ោង ១៤និង៣០ នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង ។ លុះនៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌដឹកនាំដោយលោក អនុសេនី យ៍ទោ សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ បានធ្វើការសហការជាមួយកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើ ការឃាត់ខ្លួនជនសង្ស័យតែម្តង។ ក្នុងពេលសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានវ៉ៃជនរងគ្រោះយកម៉ូតូពិតប្រាកដមែន ។
របាយការណ៍បញ្ជាក់ថា វត្ថុតាងដកហូតរួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨១៩៦៨៧៦ ពាក់ស្លាកលេខ សៀមរាប ១B-៨៧៧៧ (ម៉ូតូដែលជនសង្ស័យវ៉ៃយកពីជនរងគ្រោះ) ។
ក្រោយប្រគល់ម៉ូតូអោយម្ចាស់វិញ ជនសង្ស័យ បានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ខែធ្នូនេះ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទំងន់ទោស៕