ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងចូលរួមកិច្ចប្រជុំតាមអនឡាញនៃមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នាពេលរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ដោយគ្រោងនឹងពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពការងារ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ ១៩នៃបណ្តាចលនាអូឡាំពិក នៅក្នុងទ្វីបអាស៊ី ព្រមទាំងរបៀបវារៈមួយចំនួនទៀត។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ការចូលរួមនេះទទួលបានការឯកភាពឲ្យគណៈកម្មាធិការជាតិអូឡាំពិក ដែលដឹកនាំដោយ លោក ថោង ខុន ដែលជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីរៀបចំគណៈប្រតិភូរបស់ខ្លួនត្រៀម ចូលរួមប្រជុំតាមរយៈវីដេអូ Conference ជាមួយប្រតិភូនៃ៤៥ប្រទេសទៀត ដោយផ្តោតសំខាន់លើរបៀបវារៈលើការស្តាប់នូវសារសំឡេងរបស់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក ថូម៉ាស់ បាច ( Thomas Bach) និងសន្ទរកថាផ្ទាល់របស់ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ព្រះអង្គម្ចាស់ ស៊ិក អាមេត ( Sheikh Ahmad) ព្រមទាំងការបង្ហាញនូវរបាយការណ៍វឌ្ឍនភាពការងារកន្លងមកផងដែរ។
ជាមួយគ្នានោះកិច្ចប្រជុំនឹងលើកឡើងនូវបណ្តាប្រទេសដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាក្នុងទ្វីបអាស៊ី ដូចជាការប្រកួតកីឡាតំបន់ឆ្នេរតំបន់អាស៊ី នៅប្រទេសចិន, ការប្រកួតកីឡាក្នុងសាល កីឡាយុទ្ធគុនចម្រុះ នៅប្រទេសថៃ និងកីឡាអាស៊ី នៅប្រទេសចិន ឆ្នាំ២០២២ជាដើម ដោយបណ្តាម្ចាស់ផ្ទះទាំងនោះ នឹងធ្វើរបាយការណ៍វឌ្ឍនភាពការងារបង្ហាញជូនក្នុងកិច្ចប្រជុំនេះដែរ។
ក្រៅពីនេះ ក៏មានការបោះឆ្នោតជ្រើសរើសបេក្ខភាពទីក្រុងដែលត្រៀមធ្វើម្ចាស់ផ្ទះ កីឡាអាស៊ី (ASIAN Games) នាឆ្នាំ២០៣០ ដែលមានទីក្រុងពីរ គឺទីក្រុងដូហានៃប្រទេសកាតា និងទីក្រុង រីរ៉ាត (Riyadh) នៃប្រទេស អារ៉ាប់ប៊ីសាអូឌិត (Saudi Arabia)។
លោក អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនឹងទទួលបានជោគជ័យ ដែលនឹងប្រារព្ធធ្វើឡើងពេញរសៀល នាថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយលោកបន្ថែមថា កម្ពុជានឹងបានបង្ហាញនូវមុខមាត់ កិត្តិយសរបស់ខ្លួន តាមរយៈកិច្ចប្រជុំអនឡាញ ក្នុងឋានៈជាប្រទេសមួយ ដែលជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី៕