ប្រែសម្រួលៈវាសនា/ប៉េកាំង៖ក្រុមហ៊ុនឳសថចិន China National Biotec Group (CNBG)នឹងមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ១៩បាន១ពាន់លានដូសនៅឆ្នាំក្រោយ នេះបើតាមការបញ្ជាក់ពីប្រធានក្រុមហ៊ុន។
CNBGដែលជាអង្គភាពមួយរបស់ក្រុមហ៊ុនឳសថជាតិចិនSinopharmត្រូវបានគេទទួលស្គាល់ថាជា សហគ្រាសជីវឳសថមួយដោយផ្តោតលើវ៉ាក់សាំងលើមនុស្ស ផលិតឈាមវិជ្ជាវេជ្ជសាសស្ត្រនិងសុខភាពសត្វ។
លោកយ៉ាង ស៊ាវមិញ ប្រធានCNBGបាននិយាយថា បេក្ខជនវ៉ាក់សាំង២របស់ក្រុមហ៊ុន ឥឡូវកំពុងត្រូវពិសោធន៍នៅដំណាក់កាលទី៣នៅ១០ប្រទេសនិងតំបន់ ជាមួយនឹងអ្នកស្ម័គ្រចិត្តចូលរួមពិសោធន៍ជិត៦ម៉ឺននាក់ ។
លោកបានបន្ថែមថា គិតមកត្រឹមថ្ងៃ២៦វិច្ឆិកា បេក្ខជនវ៉ាក់សាំងសរុប៤៨នៅទូទាំងពិភពលោក បានធ្វើការពិសោធន៍វេជ្ជសាស្ត្រ ក្នុងនោះ១១ឈានចូលដំណាក់កាលទី៣។នៅចិន បេក្ខជនវ៉ាក់សាំង៤បច្ចុប្បន្នបានឈានចូលដំណាក់កាលទី៣។
បច្ចុប្បន្ន រោងចក្រ២របស់ CNBGនៅក្រុងប៉េកាំងនិងក្រុងវូហានមានសមត្ថភាពផលិតវ៉ាក់សាំងសរុប៣០០លានដូសក្នុងមួយឆ្នាំ៕