នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំណាយពេល​មួយជីវិត​ក្លែង​ធ្វើជា “​កូនប្រុស​” តាម​បំណង​ឪពុកម្តាយ​

1676
ចែករម្លែក
  • 37
    Shares

​នាង ស៊ីថា​រ៉ា វ៉ា​ហ្វា​ដា ចង់បាន​សក់វែង​ដូច​ក្មេងស្រី​ដទៃទៀត​ដែរ​។ ផ្ទុយទៅវិញ ក្មេង​ជំទង់​អាហ្គានីស្ថាន​រូបនេះ​បាន​ក្លែងខ្លួន​ជា​ក្មេងប្រុស​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដែល​បង្ខិតបង្ខំ​ដោយ​ឪពុកម្តាយ​របស់​នាង​ឱ្យ​ក្លាយជា​កូនប្រុស ព្រោះ​មិនដែល​មានកូន​ប្រុស​នឹង​គេ​សោះ​។​

​ដោយមាន​បងប្អូន​ស្រី ៥ នាក់​និង​គ្មាន​បងប្អូន​ប្រុស​សូម្បី​ម្នាក់ ស៊ីថា​រ៉ា​រស់នៅ​ជាមួយ​ប្រពៃណី​ប្តូរ​មាយា​ទ​ជា​ប្រុស ដែល​គេ​ស្គាល់​ថា “​បា​ឆា ប៉ូ​ស៊ី​” (Bacha Poshi) ឬ​និយាយបានថា “​នារី​ស្លៀកពាក់​ជា​ប្រុស​” ដែល​អាចឱ្យ​នាង​អនុវត្ត​តួនាទី​ភារកិច្ច​ជា​កូនប្រុស​នៅក្នុង​ប្រទេស​ដែល​បុរស​មានអំណាច​ខ្លាំង​លើសលប់​លើ​ស្ត្រី​។​

​ក្មេងស្រី​អាយុ ១៨ ឆ្នាំ​ដែល​រស់នៅ​ជាមួយ​គ្រួសារ​ក្រីក្រ​របស់​នាង​នៅក្នុង​ផ្ទះ​ដី​ភក់​នៅក្នុង​ភូមិ​មួយ​នៅ​ខេត្ត​ណា​ង​ហ្គា​ហា ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានធ្វើ​ពុត​ជា​ក្មេងប្រុស​ស្ទើរតែ​មួយជីវិត​របស់​នាង​ទៅហើយ​។​

​រាល់​ព្រឹក​នាង​ស្លៀកខោ​អាវប្រុស និង​ស្បែកជើងផ្ទាត់ ដែលជា​ធម្មតា​ត្រូវបាន​ពាក់​ដោយ​បុរស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពេលខ្លះ​នាង​បាំង​សក់​ពណ៌​ត្នោត​របស់​នាង​ដោយ​កន្សែង​បង់ក និង​ដំឡើង​សំឡេង​ធំៗ​ដើម្បី​លាក់បាំង​នូវ​ភេទ​ពិតប្រាកដ​របស់​នាង​។​

​ស៊ីថា​រ៉ា​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) នៅឯ​រោងចក្រ​ឥដ្ឋ កន្លែង​ដែល​នាង​និង​ឪពុក​ចាស់​របស់​នាង​ធ្វើការ ៦ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជា​កម្មករ ដើម្បី​តែ​សងបំណុល​ជំពាក់​គេ និង​ចិញ្ចឹម​គ្រួសារ យ៉ាង​ដូច្នេះ “​ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​ជា​ក្មេងស្រី​ម្តងណា​ឡើយ​។ ឪពុក​របស់ខ្ញុំ​តែងតែ​និយាយថា ស៊ីថា​រ៉ា​ឯង​ប្រៀប​បី​ដូចជា​កូនប្រុស​ច្បង​របស់​ពុក​អ៊ីចឹង​។ ជួនកាល​…​ខ្ញុំ​ចូលរួម​ពិធីបុណ្យ​សព​គេ ក្នុងនាម​ជា​កូនប្រុស​ច្បង​របស់គាត់​”​។

​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន នារី​មិន​ត្រូវបាន​អនុញ្ញាតិ​ឱ្យចូល​រួម​ពិធីបុណ្យ​សព​ទេ​។​

​ប្រពៃណី បា​ឆា ប៉ូ​ស៊ី (Bacha Poshi) មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ​ក្នុងប្រទេស​អភិរក្សនិយម​អា​ហ្វ​ហ្គា​នី​ស្ថាន ជាទី​ដែល​ក្មេងប្រុស​ត្រូវ​បានឱ្យ​តម្លៃ​ខ្ពស់ជាង​ក្មេងស្រី ហើយ​ស្ត្រី​ជា​ញឹកញយ​ត្រូវបាន​បង្ខាំង​នៅតែ​ក្នុងផ្ទះ​។​

​ជាធម្មតា គ្រួសារ​ដែល​មិនមាន​កូនប្រុស តែង​ឱ្យ​កូនស្រី​តែងខ្លួន​ជា​កូនប្រុស ដូច្នេះ​នាង​អាចអនុវត្ត​ភារកិច្ច​របស់​កូនប្រុស ដោយ​មិន​រង​ការប្រមាថ ឬ មើលងាយមើលថោក​។​

​ប៉ុន្តែ​ក្មេងស្រី​មួយចំនួន​ជ្រើសរើស​ក្លែង​ជា​ក្មេងប្រុស​ដើម្បី​ពួកគេ​អាច​រីករាយ​នឹង​សេរីភាព​ដូច​បុរសៗ​នៅក្នុង​ប្រទេស​ដែល​ចាត់ទុក​ស្ត្រី​ជា​ពលរដ្ឋ​លំដាប់ថ្នាក់​ទី ២ នោះ​៕ ដោយ៖ កញ្ញាដាលីស

ស៊ីថា​រ៉ា វ៉ា​ហ្វា​ដា តែងខ្លួន​ជា​ប្រុស​ស្ទើរ​មួយជីវិត​របស់​នាង

ទីតាំងផ្សាយពាណិជ្ជកម្ម