ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អ្នកលក់ដូរ ក្នុងផ្សារណាត់ បានទទួលយកតូប ចំនួន ៤០ ដែលរដ្ឋបាលខេត្តបាត់ដំបង បានជួសជុលឲ្យ ក្រោយពីទីផ្សារនេះ បានត្រូវបំផ្លាញ ដោយគ្រោះអគ្គិភ័យ នាពេលកន្លងទៅនេះ ។
ក្នុងពិធីប្រគល់ ទទួល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក សឿម ប៊ុនរឹទ្ធ អភិបាលរង ខេត្តបាត់ដំបង បានលើកឡើងថាៈ ការប្រគល់សោ និងតូបផ្សារ ជូនដល់បងប្អូនអាជីវករនេះ គឺជាការយកចិត្តទុកដាក់ របស់លោក ងួន រតនៈ អភិបាលខេត្ត ដើម្បីដាក់ដំណើរការ លក់ដូរឲ្យបានឆាប់ឡើងវិញ ក្រោយជួបនូវឧបទ្ទវហេតុ ភ្លើងឆេះ ដែលបានបំផ្លាញទំនិញ និងតូបលក់ដូរ ជាច្រើន ខូចខាតសរុបជាង ៨០ ម៉ឺនដុល្លារអាមេរិកកន្លងមក។
លោកបានបន្តថាៈ ការប្រគល់កូនសោ ក៏ដូចជាតូបនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ក្នុងការបង្កលក្ខណ: ដល់អាជីវករ បានចូលដោះដូរទំនិញ បង្កើនប្រាក់ចំណូលឡើងវិញ ជាការឧបត្តម្ភថវិកា របស់រដ្ឋបាលខេត្តផ្ទាល់ ប៉ុន្តែចំពោះផ្នែកផ្សេងៗ ជាច្រើនទៀត រដ្ឋបាលខេត្ត កំពុងពន្លឿនក្រុមការងារជំនាញ ចុះរៀបចំ ជួសជុលជាបណ្តើរៗ ថែមទៀត ធ្វើយ៉ាងណា ឲ្យផ្សារណាត់បាត់ដំបងនេះ មានរបៀបរៀបរយ មានផាសុកភាព ផ្លូវដើរធំទូលាយ និងកាន់តែប្រសើរ ។ ផ្សារនេះ ក៏ត្រូវបានរៀបចំឡើង នូវប្រព័ន្ធចរន្តទឹក សម្រាប់បង្ការពន្លត់អគ្គិភ័យផ្សេងៗ រួមទាំងបំពាក់នូវ ប្រព័ន្ធអគ្គិសនី មានលក្ខណៈស្តង់ដា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចេញចូលឲ្យបានច្រើនថែមទៀត។
លោក សឿម ប៊ុនរឹទ្ធ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ថា ចាប់ពីនេះតទៅ ត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឲ្យបានគ្រប់គ្នា ដើម្បីធានាបាននូវ សុខសុវត្ថិភាព ជៀសផុតពីហានីភ័យនានា ដែលកើតឡើង ជាយថាហេតុ។
ផ្សារណាត់បាត់ដំបង ហៅផ្សារធំ បានកសាងឡើង តាំងពីឆ្នាំ១៩២១ ជាសំណង់បេតិកភ័ណ្ឌ ប្រវត្តិសាស្ត្រមួយ ឋិតនៅកណ្តាលក្រុងបាត់ដំបង។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឆ្លងចរន្តអគ្គិសនី ឆាបឆេះ បណ្ដាលឱ្យរងការប៉ះពាល់ សំណង់ល្វែងខាងលិច ខូចខាតយ៉ាងដំណំ ក្នុងនោះក៏បានប៉ះពាល់តូប ចំនួន ៤០ សម្ភារ និងទំនិញជាច្រើន ខូចខាតសរុបថវិកាចំនួនជាង ៨០ ម៉ឺនដុល្លារ៕/V