ប្រែសម្រួល : កញ្ញាដាលីស ៖ សង់នៅកណ្តាលជួរភ្នំនៅភាគនិរតីនៃប្រទេសចិន ប្រព័ន្ធកែវយឹតរលកវិទ្យុធំបំផុតរបស់ពិភពលោកបានបង្ហាញពីមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។
កែវយឹត Aperture Spherical Telescope (FAST) ដែលមានប្រវែង ៥០០ ម៉ែត្រគ្រោងនឹងបើកទ្វារឱ្យតារាវិទូបរទេសប្រើប្រាស់ដោយសង្ឃឹមថានឹងទាក់ទាញអ្នកវិទ្យាសាស្ត្រមានទេពកោសល្យកំពូលៗពីជុំពិភពលោក។
កាលពីពេលថ្មីៗនេះ កែវយឹតរលកវិទ្យុធំជាងគេទី២ លើពិភពលោកនៅមណ្ឌល Arecibo Observatory នៅព័រតូរីកូ ត្រូវបានបំផ្លាញ នៅពេលដែលដងបង្គោលទទួលរលកសញ្ញាទម្ងន់ ៩០០ តោនរបស់វារលុងធ្លាក់ចុះមកក្រោមនៅកម្ពស់ ១៤០ ម៉ែត្របណ្តាលឱ្យខូចថាសរលកវិទ្យុនៅខាងក្រោម។
លោក វ៉ាង ឈីមីង ប្រធានអធិការកិច្ចនៃមជ្ឈមណ្ឌលប្រតិបត្តិការនិងមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់កែវយឹត FAST បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់សារព័ត៌មានបរទេសកាលពីសប្តាហ៍មុនថា លោកធ្លាប់បានទៅមើលមណ្ឌល Arecibo Observatory។
លោកបន្តថា “យើងបានទទួលការបំផុសគំនិតជាច្រើនពីរចនាសម្ពន្ធរបស់វា ដែលទីបំផុតយើងបានធ្វើឱ្យប្រសើរឡើងជាលំដាប់ដើម្បីបង្កើតកែវយឹតរបស់យើង”។
កែវយឹតរបស់ចិននៅតំបន់ពីងតាំងខេត្តគួយចូវគឺស្រូបខ្លាំងជាងកែវយឹតរបស់អាម៉េរិក ៣ ដង ហើយត្រូវបានព័ទ្ធជុំវិញដោយតំបន់ “ស្ងាត់រលកវិទ្យុ” ជុំវិញចម្ងាយ ៥ គីឡូម៉ែត្រកន្លែងដែលទូរស័ព្ទចល័តនិងកុំព្យូទ័រមិនត្រូវបានអនុញ្ញាត។
ការងារសាងសង់កែវយឹត FAST បានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ហើយវាបានចាប់ផ្តើមប្រតិបត្តិការពេញលេញនៅខែមករាឆ្នាំនេះដោយធ្វើការយ៉ាងសំខាន់ដើម្បីចាប់យករលកសញ្ញាវិទ្យុដែលបញ្ចេញដោយខ្មោចផ្កាយ ជាពិសេសពន្លឺកាំរស្មី បញ្ចេញពីផ្កាយងាប់។
បន្ទះផ្កាយរណបយក្សប្រវែង ៥០០ ម៉ែត្រនេះគឺជាបន្ទះធំជាងគេបំផុតនៅលើពិភពលោក ដែលគ្របដណ្ដប់លើផ្ទៃដីស្មើនឹងទីលានបាល់ទាត់ចំនួន ៣០ និងចំណាយថវិកា ១,១ ពាន់លានយ័ន (១៧៥ លានដុល្លារ) ដើម្បីសាងសង់ក៏ដូចជាការផ្លាស់ទីលំនៅរបស់អ្នកភូមិរាប់ពាន់នាក់ដើម្បីទុកកន្លែងសាងសង់ផងដែរ។
ចិនបាននិងកំពុងបង្កើនសក្តានុពលវិទ្យាសាស្ត្ររបស់ខ្លួនយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិជ្ជាបរទេស៕
កែវយឹត FAST នៅតំបន់ពីងតាំងខេត្តគួយចូវនឹងបើកឱ្យអ្នកវិទ្យាសាស្ត្រអន្តរជាតិចូលមើល