ប្រែសម្រួល : កញ្ញាដាលីស ៖ ខណៈជនជាតិអាម៉េរិក អង់គ្លេសនិងកាណាដាបានលាត់ដៃអាវឱ្យគេចាក់វ៉ាក់សាំងការពារកូវីដ១៩ឥឡូវនេះផ្លូវចេញពីជំងឺរាតត្បាតហាក់មើលឃើញច្បាស់ហើយសម្រាប់មនុស្សភាគច្រើននៅលោកខាងលិច ទោះត្រូវចំណាយពេលច្រើនខែដើម្បីចាក់វ៉ាក់សាំងក៏ដោយ។ ប៉ុន្តែសម្រាប់ប្រទេសក្រីក្រ ផ្លូវចេញនឹងស្ថិតនៅវែងឆ្ងាយនិងរលាក់ខ្លាំងណាស់។
គំនិតផ្តួចផ្តើមឈ្មោះថា COVAX ដែលបង្កើតឡើងដើម្បីធានាថាពិភពលោកទាំងមូលអាចទទួលបានវ៉ាក់សាំងការពារកូវីដ១៩ បានទទួលត្រឹមតែមួយភាគតូចនៃវ៉ាក់សាំង ២ពាន់លានដូសដែលខ្លួនសង្ឃឹមទិញបាននៅឆ្នាំក្រោយប៉ុណ្ណោះ ដោយមិនទាន់បានបញ្ជាក់ពីកិច្ចព្រមព្រៀងជាក់ស្តែងណាមួយដើម្បីទិញបានវ៉ាក់សាំង និង កំពុងខ្វះសាច់ប្រាក់ថែមទៀត។
វីរុស ដែលបានសម្លាប់មនុស្សជាង ១,៦ លាននាក់បានលាតត្រដាងឱ្យឃើញច្បាស់នូវវិសមភាពរវាងប្រទេសនានាដោយសារប្រព័ន្ធសុខាភិបាលផុយស្រួយនិងសេដ្ឋកិច្ចតូចៗកាន់តែច្រើនកំពុងទទួលរងផលប៉ះពាល់ខ្លាំង។ COVAX ត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក (WHO) សម្ពន្ធមិត្តវ៉ាក់សាំង GAVI និង CEPI ដែលជាសម្ពន្ធសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីបញ្ចៀសការជាន់ជើងគ្នាចង្អៀតប៉ែសជាអន្តរជាតិសម្រាប់វ៉ាក់សាំង។
ប៉ុន្តែឥឡូវនេះអ្នកជំនាញមួយចំនួននិយាយថា ឱកាសដែលថាវ៉ាក់សាំងនឹងត្រូវចែករំលែកស្មើភាពគ្នារវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រគឺរសាត់បាត់លឿនខ្លាំងណាស់។ខណៈការផ្គត់ផ្គង់វ៉ាក់សាំងមានកម្រិត បច្ចុប្បន្នប្រទេសអភិវឌ្ឍន៍មួយចំនួនដែលបានជួយផ្តល់ថវិកាដល់ការស្រាវជ្រាវដោយលុយរបស់អ្នកជាប់ពន្ធ កំពុងរងសម្ពាធយ៉ាងខ្លាំងដើម្បីការពារប្រជាជនរបស់ខ្លួនហើយកំពុងទិញវ៉ាក់សាំងច្រើនឡើងដើម្បីស្តុកទុកផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះដែរ ប្រទេសក្រីក្រមួយចំនួនដែលបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនេះ កំពុងស្វែងរកជម្រើសផ្សេង ដោយសារតែបារម្ភថានឹងមិនបានទទួលវ៉ាក់សាំង។
លោកអាណូដ បឺណាត ប្រធានផ្នែកសុខភាពពិភពលោកនៅវេទិកាសេដ្ឋកិច្ចពិភពលោក និយាយថា “វាជាគណិតវិទ្យាសាមញ្ញ”។ ក្នុងចំណោមវ៉ាក់សាំងប្រមាណ ១២ពាន់លានដូសដែលឧស្សាហកម្មឱសថរំពឹងផលិតបាននៅឆ្នាំក្រោយ វ៉ាក់សាំងប្រហែល ៩ ពាន់លានដូសត្រូវបានបម្រុងទុកដោយប្រទេសអ្នកមានរួចទៅហើយ។ លោកបន្តថា “COVAX មិនបានធានានូវកម្រិតវ៉ាក់សាំងគ្រប់គ្រាន់ទេហើយស្ថានការណ៍ជាក់ស្តែងមើលឃើញច្បាស់គឺថា ពួកគេប្រហែលជាទទួលបាននូវកម្រិតវ៉ាក់សាំងគ្រប់គ្រាន់យឺតជាងគេ”។
អ្នកនាំពាក្យ GAVI លោក ជេមស៍ ហ្វាល់កឺ និយាយថា រហូតមកទល់ពេលនេះ កិច្ចព្រមព្រៀង ដែលបានបញ្ជាក់និងត្រឹមត្រូវតាមច្បាប់របស់ COVAX គឺមានត្រឹម ២០០ លានដូសប៉ុន្តែនេះរួមបញ្ចូលទាំងជម្រើសក្នុងការបញ្ជាទិញថែមច្រើនដងនៃចំនួនដូសបន្ថែម។ COVAX មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងចំនួន ៥០០ លានផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងទាំងនោះមិនត្រូវបានចងដោយច្បាប់ដែលតំរូវអោយអ្នកផលិតត្រូវតែអនុវត្តទេ៕
ប្រទេសក្រីក្ររំពឹងទទួលបានវ៉ាក់សាំងកូវីដ១៩យឺត នៅពេលអង់គ្លេស អាម៉េរិកនិងកាណាដាចាប់ផ្តើមចាក់