ប្រែសម្រួលៈវាសនា/មូស្គូ៖ក្រោយពីអត់ធ្មត់អស់ពេលជាច្រើនសប្តាហ៍ នៅទីបំផុតប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារបានអបអរសាទរលោកចូ បៃដិនការដែលលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។
ការផ្ញើសារអបអររបស់លោកពូទីនចំពោះបៃដិន បានកើតឡើងមួយថ្ងៃក្រោយពីគណៈកម្មាធិការអង្គបោះឆ្នោតអាម៉េរិកបានបញ្ជាក់ថាលោកបៃដិន ជាប្រធានាធិបតីអាម៉េរិកបន្ទាប់ ដោយផាត់ចោលការចោទប្រកាន់របស់ប្រធានាធិបតីក្នុងតំណែង ដូណាល់ ត្រា ដែលថាការបោះឆ្នោតកាលពីខែវិច្ឆិការមានការលួចបន្លំជាទូទៅ និងលោកជាអ្នកឈ្នះឆ្នោត។
វិមានក្រឹមឡាំងបាននិយាយកាលពីមុនថា ប្រធានាធិបតីរុស្ស៊ីនឹងមិនទាន់ចេញការស្វាគមន៍លោកបៃដិននៅឡើយទេ ដរាបណានៅមិនទាន់មានការប្រកាសផ្លូវការ។
ដោយចង់សំដៅការប្រឆាំងលទ្ធផលឆ្នោតពីពួកសាធារណរដ្ឋ លោកពូទីនកាលពីខែមុនបាននិយាយថា« យើងគ្រាន់តែចង់រង់ចាំអោយការប្រឈមមុខនយោបាយផ្ទៃក្នុងចប់សិន»។
នៅក្នុងសារ លោកពូទីនបានជូនពរលោកបៃដិន អោយ«ជោគជ័យខ្លាំង»និងសម្តែងជំនឿថា «រុស្ស៊ីនិងអាម៉េរិក ទោះជាមានការខ្វែងគំនិតគ្នាខ្លះពិតជាចូលរួមចំណែកដោះស្រាយបញ្ហាជាច្រើននិងការប្រឈមរបស់ពិភពលោកសព្វថ្ងៃ»។
លោកបានបន្តថា កិច្ចសហការរវាងរុស្ស៊ីនិងអាម៉េរិកដែលឈរលើគោលការណ៍ស្មើភាព និងចេះគោរពគ្នាទៅវិញទៅមក នឹងបំពេញនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ និងសហគមន៍អន្តរជាតិទាំងមូល៕
ពូទីន ក្នុងសន្និសីទមួយកាលពីថ្ងៃ១០ធ្នូ