ដោយៈ ទេព មង្គល/ភ្នំពេញៈ គណៈកម្មការរៀបចំ ការប្រកួតព្រឹត្តិការណ៍ ប្រណាំងរថយន្ត អូហ្វ រ៉ូដ ( OFF ROAD ) ភ្នំឱរ៉ាល់ បានសម្រេចលើកពេលការប្រណាំង ដែលគ្រោងរៀបចំ រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី៨ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួម ការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ។
លោក ព្រុំ រស្មី ប្រធានគណៈកម្មការរៀបចំ ការប្រកួតព្រឹត្តិការណ៍ ប្រណាំងរថយន្ត អូហ្វ រ៉ូដ ( OFF ROAD ) ភ្នំឱរ៉ាល់ បានពន្យល់ថាៈ ព្រឹត្តិការណ៍ប្រណាំង រថយន្ត អូហ្វ រ៉ូដ ( OFF ROAD ) ភ្នំឱរ៉ាល់ គ្រោងរៀបចំ រយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃទី៨ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែឥឡូវនេះ យើងសម្រេច លើកពេលប្រណាំង ទៅពេលខាងមុខ ដែល យើងមិនទាន់អាច កំណត់បានពេលវេលា ច្បាស់លាស់ សម្រាប់ការរៀបចំនៅឡើយ ដោយយោងលើ ស្ថានភាពជាក់ស្តែង នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ពិសេសយើងចូលរួមវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ ដ៍ខ្ពងខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការចូលរួមចំណែកបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ។
លោក ព្រុំ រស្មី បានបញ្ជាក់ថាៈ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់លើកទី១ នៅភូមិស្រែកិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គ្រោងរៀបចំរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ខាងនេះ ផ្តួចផ្តើមដោយលោក ព្រុំ រស្មី អ្នកបំបែកកំណត់ត្រា នាំយករថយន្តរថយន្ត OFF ROAD ដល់កំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់ ១.៨១៣ ម៉ែត្រ ក្នុងឆ្នាំ២០១៧ ។ សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ភ្នំឱរ៉ាល់ លើកទី១នេះ គ្រោងរៀបចំឡើង ក្នុងគោលបំណងបង្កើតការជុំគ្នា សប្បាយរីករាយ នៃក្រុមសមាជិកមហាគ្រួសារ រថយន្ត OFF ROAD កម្ពុជា ពិសេសដើម្បីចូលរួម អបអរសាទរ ទិវាជ័យជំនះ ៧ មករា ថ្ងៃប្រវត្តិសាស្ត្រ ផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ និងសង្គ្រោះជីវិតប្រជាជនខ្មែរ អោយរួចផុត របបប្រល័យពូជសាសន៍ ប៉ុលពត ៕PC