ដោយៈ ជាសីហៈ/ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប (EIB) នឹងបណ្តាក់ទុនចំនួន ៨០លានអឺរ៉ូ ប្រមាណ ៩៧លានដុល្លារអាមេរិកក្នុងគម្រោងកែលំអកសិកម្មស្រោចស្រព ដើម្បីពង្រីក បណ្តាញផ្គត់ផ្គង់ទឹកនិងប្រព័ន្ធធារាសាស្ត្រនៅតាមខេត្តមួយចំនួននៅកម្ពុជា។
ប្រជាជនប្រមាណ ២០០.០០០ នាក់នៅក្នុងខេត្តចំនួន ៥ ដែលមានផ្ទៃដីដាំដំណាំ ៥១.០០០ហិកតានឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្ររបស់ គម្រោងនេះ ។
តាមការគម្រោងដែលគេបានគ្រោងទុក ធនាគារវិនិយោគអឺរ៉ុប នឹងសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី និង រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សហភាពអឺរ៉ុបដើម្បីកាត់បន្ថយ ភាពក្រីក្រនៅតាមជនបទនិងរួមចំណែកដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀង។
ធនាគារវិនិយោគអឺរ៉ុប បានអះអាងថា ការបណ្តាក់ទុននេះ នឹងធ្វើឱ្យប្រសើរឡើងនូវ ប្រសិទ្ធភាពនៃប្រព័ន្ធធារាសាស្ត្របង្កើនភាពធន់នៃកសិកម្មកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុហើយ ក្នុងរយៈពេលវែងគម្រោងនេះនឹងចូលរួមចំណែកក្នុងការគ្រប់គ្រងធនធាន ទឹកឱ្យកាន់តែប្រសើរឡើងបង្កើនប្រសិទ្ធភាពផលិតកម្មកសិកម្មនិងកាត់បន្ថយភាពក្រីក្រនៅជនបទនៅកម្ពុជា។
គម្រោងនេះអនុញ្ញាតឱ្យប្រទេសកម្ពុជាបង្កើតនូវមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកជាតិដែលមានសារៈសំខាន់ណាស់ក្នុងរយៈពេលវែងសម្រាប់សមត្ថភាពរបស់ប្រទេសក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការផ្គត់ផ្គង់ទឹកនិងកសិកម្ម។
ចាប់តាំងពីឆ្នាំ ២០១៨រហូតមកដល់បច្ចុប្បន្នធនាគារវិនិយោគអ៊ឺរ៉ុបបានវិនិយោគក្នុងទឹកប្រាក់ ២២២,៥ លានអឺរ៉ូ ដើម្បីចូលរួមធានាកំណើនសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ៕PC