Home ព័ត៌មានជាតិ សន្តិសុខ កម្លាំង​នគរបា...

កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ចេញ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ពីរ​ករណី​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ កម្លាំង​នគរបាល​ការិយាល័យ​បង្ការ ពន្លត់ អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូល​រួមសហកា​រ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​ពាក់ព័ន្ធ បាន​ប្រើប្រាស់​រថយន្ត​ទឹកជា​ច្រើន​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​អគ្គិភ័យ ០២​ករណី​ផ្សេងគ្នា​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទប់ស្កាត់​អគ្គិភ័យ​មិនឱ្យ​ឆាបឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេងទៀត​និង​គ្មាន​ប្រជាពលរដ្ឋ​ស្លាប់​រឺ​រងរបួស​ពី​គ្រោះ​អគ្គិភ័យ​នោះឡើយ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹងថា កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយ​កើតឡើង​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង ស្ថិតនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់ទាំង​ស្រុង​ខណៈនោះរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​សរុប​១២​គ្រឿង​បានចេញ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​ចំនួន​៥៦​ម៉ែត្រគូប​បានធ្វើឱ្យ​អគ្គិភ័យ​នោះ​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង​២​យប់​អធ្រាត្រ​ថ្ងៃ​ដដែល​។ អគ្គិភ័យ​បាន​បង្ក​ឱ្យ​ខូចខាត​នូវ​ឃ្លាំង​កសាង​អំពី​ថ្ម​ប្រក់​ស័ង្កសី​ទំហំ​១០​ម៉ែត្រ​គុណ​២៥​ម៉ែត្រ និង​ទំនិញ​សម្ភារៈ​មួយចំនួន​។​

​អគ្គិភ័យ​នោះ​ឆេះ​ចេញពី​ផ្នែក​ខាងក្រៅ​នៃ​ឃ្លាំង​ត្រូវបាន​ម្ចាស់​ទីតាំង​ចោទប្រកាន់​ហើយ​ដាក់​ការសង្ស័យ​ទៅលើ​មនុស្ស​មួយក្រុម​ជា​អ្នក​លួច​ដុត ក្រោយពី​មនុស្ស​មួយក្រុម​នោះបាន​មក​គំរាមកំហែង​ម្ចាស់​ទីតាំង​ដែលជា​ជនជាតិ​ចិន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពាក់ព័ន្ធ​រឿង​ទំនាស់​គ្នា​។ ម្ចាស់​ឃ្លាំង​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​វែកមុខ​អ្នក​បំផ្លាញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ប៉ុន្តែ​ទោះបីយ៉ាងណា​អគ្គិភ័យ​នេះ​ស្ថិតក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នៅឡើយ​នោះទេ​។​

​ដោយឡែក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នេះ​ផងដែរ បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​និង​សង្គ្រោះ ឱ្យដឹងថា អគ្គិភ័យ​០១​ករណី​ទៀត​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ត្រ​ពាំ​ថ្លឹង​ទី​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្ទះ​ទំហំ​០៦​ម៉ែត្រ​គុណ​០៨​ម៉ែត្រ កសាង​អំពី​ឈើ​ប្រក់​ក្បឿង ត្រូវបាន​អគ្គិភ័យ​បំផ្លាញ​អស់ទាំង​ស្រុង និង​បណ្តាលឱ្យ​ខូចខាត​បង់ទ្រព្យ​សម្បត្តិ សម្ភារៈ នៅក្នុង​ផ្ទះ​ទាំងអស់​។​ខណៈដែល​អគ្គិភ័យ​កើតឡើង​រថយន្ត​ទឹក​ចំនួន​០៥​គ្រឿង​ត្រូវបាន​ប្រើប្រាស់​ចេញ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​ឱ្យ​រលត់​ទាំងស្រុង​នៅ​ល្ងាច​ថ្ងៃ​ដដែល​ចំណាយ​ទឹក​ចំនួន​២០​ម៉ែត្រគូប​ដោយ​មិន​បង្ក​ឱ្យ​រាលដាល​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះឡើយ​។ អគ្គិភ័យ​នេះ​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺ​បង្កឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular