ដើម្បី​យកឈ្នះ​លើ​កូ​វីដ ត្រូវ​ធ្វើជា​អ្នក​ចុះចាញ់ អ្នកខ្លាច តែ​មិនត្រូវ​តក់ស្លុត ឬ​ស្លន់ស្លោ​នោះទេ​!

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ​ទាក់ទិន​ទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។ ការ​ថ្លែង​សារ​នេះ បានធ្វើ​ឡើង​ពី​គេហដ្ឋាន​របស់​សម្តេច នៅ​តាខ្មៅ ខេត្តកណ្តាល ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ វិទ្យុ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាយ និង​តាម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​។

រូបថតៈសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​» គឺជា​ការចម្លង​បែប​ចង្កោម និង​តាម​ទីកន្លែង​មួយៗ មិនមែនជា​ទ្រង់ទ្រាយ​ធំ​ពេក​នោះទេ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា WHO បាន​វាយតម្លៃ​ករណី​សហគមន៍​នៅ​កម្ពុជា ជា​ករណី​ឆ្លង​បែប​កើតមាន​ម្តងៗ​មួយកន្លែង​ដោយ​មិនមាន​បណ្តុំ​ឆ្លង​ច្រើនពេក​ហើយក៏​មិនទាន់​ដាក់ចូល​ទៅក្នុង​របៀប​ឆ្លង​សហគមន៍​ធំ​នោះដែរ​។​សម្តេច​បាន​កោតសរសើរ​ក្រសួងសុខាភិបាល​ក្រុមគ្រូពេទ្យ​ជួរមុខ​អាជ្ញាធរ​ប្រជា​ពលរ​ដ្ដែល​បាន​ចូលរួម​សហការ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា ព្រឹត្តិការណ៍​សហគមន៍ អាច​ទប់ស្កាត់បាន​ហើយ តែ​មិនទាន់​បិទ​បញ្ចប់​នោះទេ​។

​សម្តេច​តេ​ជោ​បាន​ថ្លែងថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គ្រប់គ្រង​បាន តែ​មិនទាន់​បញ្ចប់ ដោយយោង​លើ​ហេតុផល​ចំនួន ៥​។ ១. មិនទាន់​ដឹង​អស់​នៅឡើយ​ទេ​ថា តើ​មាន​កន្លែង​ណាខ្លះ​ទៀត ដែល​អ្នកជំងឺ​ទៅដល់ រក​មិនទាន់​ឃើញ អ្នកជំងឺ​មិន​ប្រាប់ ឬ​ភ្លេច​កន្លែង​ទៅដល់​រយៈពេល​១៤​ថ្ងៃ មុនពេល​រកឃើញ​។ ២. តើ​នៅមាន​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល​ដោយ​មិន​មក​បង្ហាញមុខ ព្រោះ​ខ្លាច​ការធ្វើ​តេស្ត ដែលជា​ហានិភ័យ​ឆ្លង​ចូល​សហគមន៍​។ ៣. អ្នក​ប៉ះពាល់​មួយចំនួន​មិនទាន់​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​២ ឬ​ទី​៣​នៅឡើយ ព្រោះ​ទើប​ដឹង​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ហើយ​ធ្វើតេស្ត​មួយដង​ឬ​ពីរដង​ប៉ុណ្ណោះ​។​៤.​អ្នក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ហូរហែ​តាំងពីរ​ថ្ងៃទី​២៩ វិច្ឆិកា ដល់​ថ្ងៃ​រកឃើញ​វិជ្ជមាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៤ ធ្នូ មិនដឹងថា បានធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ ឬ​ធ្វើតេស្ត​៣​ដង​ដែរឬទេ​? ។​៥. នៅតាម​ខេត្ត​មួយចំនួន​ដែល​អ្នកជំងឺ​ទៅដល់​មុនពេល​រកឃើញ​ជំងឺ តើ​បាន​រកឃើញ​អ្នកពាក់ព័ន្ធ​អស់ ឬទេ​?

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩ ត្រូវ​ធ្វើជា​អ្នក​ចុះចាញ់ អ្នកខ្លាច តែ​មិនត្រូវ​តក់ស្លុត ឬ​ស្លន់ស្លោ​នោះទេ​។ ក្នុងន័យនេះ សម្តេច​តេ​ជោ​បានផ្តល់​អនុសាសន៍ និង​បទបញ្ជា​ចំនួន​៤ ដើម្បី​ទប់ស្កាត់​ព្រឹត្តិការណ៍​សហគមន៍​៖ ១. តាមដាន​អ្នក​នៅ​សេសសល់​មិនទាន់​ធ្វើតេស្ត​គ្រប់​ចំនួន ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនទាន់​គ្រប់​ថ្ងៃ​ឱ្យបាន​ម៉ឺងម៉ាត់​។ អាជ្ញាធរ​ត្រូវ​ពិនិត្យ កុំ​ពឹង​ផ្អែកលើ​គ្រូពេទ្យ គ្រ​ពេទ្យ​ហត់​ណាស់​ហើយ​។ ២. ត្រូវអនុវត្ត ៣​ការពារ (​ពាក់​ម៉ាស់​, លាងដៃ​, គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឱ្យបាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង​)​។ ៣.​ត្រូវអនុវត្ត ៣​កុំ ( ១៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល​, ២៖ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​, ៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ពេល​ជួបគ្នា អ្នកមាន​ផ្តាសាយ ឬ​សង្ស័យ​មាន​ជំងឺ​កូ​វីដ​១៩ កុំ​ចេញ​ក្រៅ ហើយ​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​)​។ ៤. នៅតាម​កន្លែង​លក់ដូរ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្សារ​ទំនើប និង​ធនាគារ ត្រូវ​ត្រួតពិនិត្យ​បើ​គ្មាន​ម៉ាស់​មិនឱ្យ​ចូល វ៉ាស់​កម្តៅ និង​រៀបចំ​កន្លែង​អង្គុយ​រក្សា​គម្លាត តាម​បន្ទប់ទឹក​ត្រូវមាន​សាប៊ូ​លាងដៃ​។​

រូបថតៈសម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ដោយសារតែ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា គ្រប់គ្រង​បាន នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ ស្ថាប័ន​រដ្ឋសភា និង​ក្រសួងមហាផ្ទៃ បានចាប់ផ្ដើម​បើកទ្វារ ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចូល​បំពេញការងារ​ជា​ប្រក្រតីភាព​ឡើងវិញ​ហើយ បន្ទាប់ពី​បាន​ផ្អាក និង​ស្ថិតក្រោម​បន្ទាត់​ប្រុងប្រយ័ត្ន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយសារ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។

​ទន្ទឹម​នៅ​ថ្ងៃទី​១៥ ខែធ្នូ​នេះ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៣​ករណី​ទៀត​។ ក្នុងនោះ ២​នាក់ ជា​ករណី​នាំចូល គឺ​ស្ត្រីជន​ជាតិខ្មែរ​មកពី​អាមេរិក និង​ស្ត្រី​ជនជាតិ​ជប៉ុន​មកពី​ប្រទេស​ជប៉ុន ខណៈ ១​ករណី​ទៀត ពាក់ព័ន្ធ​សហគមន៍ ២៨​វិច្ឆិកា ជា​កុមារា អាយុ ១​ឆ្នាំ ត្រូវជា​កូន​របស់​ស្ត្រី អ្នកជំងឺ​កូ​វីដ អាយុ ៣០​ឆ្នាំ ស្ថិតនៅ​សង្កាត់​និរោធ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​កូ​វីដ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា កើនឡើង​ដល់ ៤១​នាក់​។​
​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​សះស្បើយ ចំនួន ៣​កណី ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្នុងនោះ មាន​អគ្គនាយក​ពន្ធនាគារ ដែល​ត្រូវបាន​រកឃើញ​មុនគេ ក្នុង​ការឆ្លង​សហគមន៍ កាលពី​ថ្ងៃទី​២៨​វិច្ឆិកា រួមទាំង​អ្នកបើកបរ​ឡាន​របស់លោក និង​ក្រុមគ្រួសារ​។ គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ​នេះ អ្នក​កើត​កូ​វីដ​-១៩ នៅ​កម្ពុជា សរុប​មាន ៣៦២​នាក់​។ ក្នុងនោះ ៣១២​នាក់ បានជា​សះស្បើយ និង ៥០​នាក់​កំពុង​ព្យាបាល​។​

​ក៏ប៉ុន្តែ​ទោះបីជា​អាច​គ្រប់គ្រង​បាន​ក៏ពិតមែន តែ​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ ក្នុង​សហគមន៍ ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា មកដល់ពេលនេះ មិនទាន់​បញ្ចប់​ទេ​។ ដូច្នេះ​គប្បី​តោង​ឲ្យ​ប្រជាពលរដ្ឋ​យើង​គ្រប់រូប បន្ត​អនុវត្ត​របៀប​រស់នៅ​តាម​គន្លង​ថ្មី​ដដែល​។ នោះ​គឺ​ពាក់​ម៉ាស់​, លាងដៃ​, គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​ចាប់ពី ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឱ្យបាន​គ្រប់គ្នា នៅ​គ្រប់​ទីកន្លែង ហើយ​បើ​មិនចាំបាច់ សូមកុំ​ចេញ​ក្រៅ​ផ្ទះ​។ ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ទេ ក៏​ដើម្បី​ក្រុមគ្រួសារ និង​សង្គមជាតិ​យើង​តែម្តង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular